ក្រសួងសាធារណការ និងដឹកជញ្ជូន រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូ ដែលនឹងជួយធ្វើឲ្យប្រសើរឡើងដល់សុខុមាលភាពរបស់ប្រជាពលរដ្ឋ


ថ្ងៃពុធ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមជំនួយការរៀបចំសេចក្តីព្រាងច្បាប់ (Ad-hoc) និងក្រុមជំនួយការលេខាធិការរបស់ក្រុមការងារអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សា និងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ និងពិនិត្យពិភាក្សាលើសេចក្តីព្រាងប្រកាសចុងក្រោយស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះ នាយកដ្ឋាននានារបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិភាក្សានិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ និងសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃការិយាល័យចំណុះនាយកដ្ឋាននានា របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ដោយធ្វើការសិក្សាឱ្យស៊ីជម្រៅលើខ្លឹមសារ រចនាសម្ព័ន្ធផ្ទៃក្នុងឱ្យមានភាពច្បាស់លាស់ មុនបែងចែកតួនាទីភារកិច្ចថ្នាក់ការិយាល័យនីមួយៗ ដើម្បីធានាឱ្យការងារប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

ឯកឧត្ដមរដ្ឋលេខាធិការ បានលើកឡើងអំពីលទ្ធផលការងារសំខាន់ៗសម្រេចបាន ក្រោយសេចក្តីសម្រេចស្ដីពីការបង្កើតក្រុមការងារអន្តរក្រសួងដើម្បីពិនិត្យពិភាក្សា និងផ្ដល់យោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងទឹកកខ្វក់ និងរចនាសម្ព័ន្ធគ្រប់គ្រង ដឹកនាំការងារគ្រប់គ្រងទឹកកខ្វក់នៅកម្ពុជា។

ឯកឧត្ដមរដ្ឋលេខាធិការ បានគូសបញ្ជាក់អំពីសារសំខាន់នៃការពិនិត្យពិភាក្សាផ្តល់ធាតុចូលឱ្យបានស៊ីជម្រៅ និងការពិនិត្យកែតម្រូវពាក្យពេចន៍ឱ្យបានត្រឹមត្រូវជៀសវាងការខុសឆ្គងនូវសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃការិយាល័យចំណុះនាយកដ្ឋានរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ មុនដាក់ជូនឯកឧត្តមទេសរដ្ឋមន្ត្រី ពិនិត្យសម្រេច និងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ និងមុនប្រជុំឆ្លងជាមួយអន្តរក្រសួងនាពេលខាងមុខ។

ច្បាប់នេះជួយធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីយកមកអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនឹងការអភិវឌ្ឍពេលបច្ចុប្បន្ន ក្នុងការសាងសង់ ជួសជុល និងថែទាំប្រព័ន្ធលូ ប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រឡាយ គ្រប់គ្រងសំណល់ភក់ និងប្រព័ន្ធការពារទឹកជំនន់ ព្រមទាំងចូលរួម និងផ្តល់ការគាំទ្រក្នុងការរៀបចំគោលនយោបាយ យុទ្ធសាស្ត្រផែនការសកម្មភាពមេ និងផែនការអភិវឌ្ឍន៍ជាតិផងដែរ។

ជាទីបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារអន្តរក្រសួង និងជំនាញការពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងតាក់តែងសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកកខ្វក់ និងប្រព័ន្ធលូបង្ហូរ និងសេចក្តីព្រាងប្រកាស ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការិយាល័យចំណុះនាយកដ្ឋានរបស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នេះឱ្យលេចចេញជារូបរាងឡើង ៕