អភិបាលខេត្តកំពង់ចាម អញ្ជើញជាគណៈអធិបតីកិច្ចប្រជុំផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់ប្រជាកសិករចិញ្ចឹមសត្វ ចញ្ចឹមត្រី និងដាំបន្លែ


(កំពង់ចាម)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីការផ្តល់ឥណទានសម្រាប់ប្រជាកសិករចិញ្ចឹមសត្វ ចញ្ចឹមត្រី និងដាំបន្លែ ដែលកម្មវិធីនេះបានរៀបចំឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនប្រជាកសិករដែលប្រកបរបចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងដាំបន្លែ ប្រមាណ២៥០នាក់។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានគូសបញ្ចាក់ថាតាមរយៈការដាក់ចេញនូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ខេត្តកំពង់ចាមបាននឹងកំពុងមានការរីកចម្រើន និងប្រែប្រួលមុខមាត់ជាបន្តបន្ទាប់ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ សេដ្ឋកិច្ច សង្គមកិច្ច បរិស្ថាន និងសមិទ្ធផលរូបវ័ន្តជាច្រើន ពិសេសជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែលើកកម្ពស់។ ទន្ទឹមនោះដែរវិស័យកសិកម្មក្នុងខេត្តកំពង់ចាម ក៏កំពុងមានការប្រែប្រួលពីមួយថ្ងៃទៅមួយថ្ងៃ តាមរយៈការយល់ដឹងការប្រែប្រួលទម្លាប់អន់ថយ ការផលិតសម្រាប់តែផ្គត់ផ្គង់គ្រួសារទៅជាការផលិត សម្រាប់បម្រើការនាំចេញ។ ប្រជាកសិករ ចេះប្រើប្រាស់ពូជ ជី ថ្នាំសម្លាប់សត្វល្អិត ការធ្វើស្រូវមួយឆ្នាំ២ ទៅ៣ដង ការភ្ជួររាស់ដោយត្រាក់ទ័រក៏មាននិន្នាការកើនឡើង។ ការវិនិយោគលើវិស័យកសិកម្មពីសំណាក់វិស័យឯកជន ពិសេសដំណាំស្រូវ កៅស៊ូ ចេកជាដើម។ នៅឆ្នាំ២០១៩-២០២០នេះ ខេត្តកំពង់ចាម សល់ស្រូវសម្រាប់នាំចេញចំនួន ១៧០ ៥៧៣តោន។ ដំណាំរួមផ្សំ បន្លែបានចំនួន ១៦៥,៨៦២តោន ការចិញ្ចឹមសត្វគ្រប់ប្រភេទ មានចំនួន ៦,២០៣,៦៦០ក្បាល និងក្រោយការហូប យើងនៅសល់សាច់ ៣១,៩៦២តោន។ ការងារចិញ្ចឹមត្រី បានចំនួន ៣៩,០៤០តោន និងក្រោយការហូបចុក យើងនៅខ្វះត្រីហូបចំនួន ២៤,០៨៨តោន៕