ប្រធានក្រុមប្រឹក្សាខេត្តកំពត បានចុះស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ នៅស្រុកជំគីរី


ស្រុកជំគីរី ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែជេស្ធ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា ឯកឧត្តម នៃ គង់ អភិបាលរងខេត្ត ឯកឧត្តម ភុន សារពេជ្រ និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត រួមនឹងមន្ត្រីរដ្ឋបាលស្រុកជុំគីរី បានចុះជួបសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ចំនួន២៧គ្រួសារ ដែលជួប ការលំបាក និងស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានមានប្រសាសន៍ថា នឹងជួយរកអ្នកបច្ចេកទេសក្នុងការចិញ្ចឹមមាន់ ដល់ក្រុមគ្រួសារមួយដែលស្នើមកឯកឧត្តម ដើម្បីផ្គត់ផ្គង់បន្ថែមលើជីវភាពប្រចាំថ្ងៃដល់ពួកគាត់។
ឯកឧត្តមប្រធានក៏បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋផងដែរ។

បន្ទាប់មក ឯកឧត្តមប្រធានបានបន្តដំណើរចុះដល់ចំការរបស់បងប្អូនប្រជាពលរដ្ឋដែលពួកគាត់កំពុងធ្វើការដាំដុះដំណាំចម្រុះ ក្នុងនោះឯកឧត្តមប្រធានក៏បានណែនាំពីវិធីសាស្ត្រនៃការដាំដុះ និងការការពារ ហើយធានារកទីផ្សាជូនបងប្អូនប្រជាពលរដ្ឋផងដែរ (ក្នុងករណីគ្មានទីផ្សា) ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកផលិតផលកសិកម្មក្នុងឃុំទាំងមូល។

នាឱកាសនោះ ឯកឧត្តមប្រធានបានបន្តណែនាំបងប្អូនប្រជាពលរដ្ឋ ត្រូវការពារខ្លួនពីកូវីដ១៩ តាមរយៈការប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ទោះបីនៅកម្ពុជា មានអ្នកជំងឺកូវីដ១៩ តិចតួចក៏ដោយ៕