សាខាកាកបាទក្រហមខេត្តកំពតសង្ឃឹមថា នឹងខិតខំកៀរគរមូលនិធិដោយស្ម័គ្រចិត្តឲ្យបានលទ្ធផលល្អប្រសើរ


ទោះបីប្រទេសកំពុងស្ថិតនៅក្នុងអន្តរកាលវិបត្តិកូវីដ១៩ក្កី សប្បុរសជន មន្ត្រីរាជការ ថ្នាក់ដឹកនាំជុំវិញខេត្ត នៅតែមានស្មារតីចូលរួម ចែករំលែកថវិការបស់ខ្លួន ជាមួយនឹងសាខាកាកបាទក្រហមកម្ពុជាខេត្ត ដើម្បីយកទៅបំពេញបេសកកម្មមនុស្សធម៌ជានិច្ច។ បើតាមការរំពឹងទុករបស់ប្រធានគណៈកម្មាធិការសាខាថា នឹងធ្វើការកៀរគរថវិការដោយស្ម័គ្រចិត្តឲ្យបានច្រើនជាង៤០ម៉ឺនដុល្លានៅឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំកៀរគរ រកមូលនិធិដោយស្ម័គ្រចិត្ត សម្រាប់ទ្រទ្រង់ការងារមនុស្សធម៌ ក្នុងឱកាសអបអរសាទរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពត បានមានប្រសាសន៍ថា ការកៀរគរមូលនិធិដោយស្ម័គ្រចិត្តសម្រាប់ទ្រទ្រង់ការងារមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តកំពតឆ្នាំនេះ មានការធ្លាក់ចុះដោយសារវិបត្តិកកូវីដ១៩ ។ ការកៀរគរថវិកាមិនត្រូវបានធ្វើដោយបើកទូលាយនៅគ្រប់មជ្ឍដ្ឋានដូចរាល់ឆ្នាំនោះទេ ដើម្បីចៀសវាងបាតុភាពអសកម្មនានា ។

ទោះជាយ៉ាងនេះក្តី ឯកឧត្តមប្រធានគណៈកម្មាធិការបានបញ្ជាក់ថា គិតមកត្រឹមពេលនេះ សាខាកាកបាទក្រហមប្រមូលថវិកាលើកទី១ សរុបចំនួន៣៥ម៉ឺនដុល្លា ខណៈដែលការប្រមូលថវិកាមូនិធិដោយស្ម័គ្រចិត្តទី២ និងទី៣ និងត្រូវបូកសរុបនៅដើមខែក្រោយ ។ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ទៀតថានឹងខិតខំកៀរគរ ថវិកាឲ្យបានយ៉ាងតិច ៤០ម៉ឺនដុល្លា។

នៅក្នុងឱកាសនោះ ឯកឧត្តមស្នើឲ្យក្រុមប្រតិបត្តិរាយការណ៍ទៅថ្នាក់កណ្តាលបណ្តើរៗ ដោយយកឈ្មោះសប្បុរសជន និងចំនួនថវិកា ដើម្បីធ្វើបណ្ណថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សូមបញ្ជាក់ថា តាមរបាយការណ៍របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត នៅឆ្នាំ២០១៩ បានកៀរគរមូលនិធិដើម្បីទ្រទ្រង់ការងារមនុស្សធម៌បាន ៦១ម៉ឺនដុល្លា ៕