ជប៉ុន នឹងបន្ដផ្តល់ជំនួយបច្ចេកទេស និងសម្ភារ លើការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា


(ភ្នំពេញ)៖ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក Masahiro MIKAMI បានថ្លែងថា ជប៉ុននឹងបន្ដជួយឧបត្ថម្ភគាំទ្រនូវបច្ចេកទេស និងសម្ភារលើការប្រយុទ្ធនឹងជំងឺកូវីដ១៩ នៅប្រទេសកម្ពុជា។

ការថ្លែងបែបនេះ របស់ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានធ្វើឡើងក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយរដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្ដីការក្រសួង។

លោក Masahiro MIKAMI បានថ្លែងថាបន្ដថា កម្ពុជា-ជប៉ុន នឹងប្ដេជ្ញារួមគ្នាក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ បន្ទាប់ពីការរួមគ្នាទប់ស្កាត់ និងការពារជំងឺនេះកន្លងមក បានយ៉ាងល្អប្រសើរ។ លើសពីនោះ ជប៉ុន នឹងបន្ដពង្រឹងកិច្ចសហប្រតិបត្ដិការរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យសុខាភិបាលនៅកម្ពុជា។

ក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា ក៏បានថ្លែងកោតសរសើរ និងអរគុណដល់កម្ពុជា ដែលបានខិតខំក្នុងការប្រយុទ្ធទប់ស្កាត់ ជំងឺកូវីដ១៩ ក្នុងនោះក៏បានជួយសម្របសម្រួលដល់ប្រជាជនជប៉ុន ដែលរស់នៅកម្ពុជាផងដែរ។ ជាងនេះទៅទៀត តាមរយៈគម្រោងជំនួយបច្ចេកទេសនេះ ជប៉ុននឹងជួយឧបត្ថម្ភ និងផ្គង់ផ្គត់សម្ភារក្នុងតម្រូវការចាំបាច់ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ ។

ជាមួយគ្នានោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះកិច្ចសហប្រតិបត្ដិការរវាងជប៉ុន-កម្ពុជាកន្លងមក លើវិស័យសុខាភិបាល ហើយនឹងបន្ដកិច្ចសហប្រតិបត្ដិការបន្ដទៀត និងការទប់ស្កាត់ជំងឺកូវីដ១៩។

លើសពីនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភគាំទ្រ កម្មវិធីសុខាភិបាលទាំងមូល ជាពិសេស ជួយលើការងារទប់ស្កាត់ជំងឺកូវីដ១៩កន្លងមកនេះ៕