ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតី ពិធីបិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីនរគបាលថ្មីជំនាន់ទី១ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម


(កំពង់ចាម)៖ នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលកងកិត្តិយស និងបើកវគ្គបណ្តុះបណ្តាលមន្ត្រីនរគបាលថ្មីជំនាន់ទី១ ចំនួន១០០នាក់ ដោយមានការអញ្ចើញចូលរួមពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាល លោកឧត្តមសេនីយ៍ ស្នងការរង និងមន្ត្រីនគរបាលជាច្រើនរូបទៀត។

តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ដោយអនុវត្តតាមផែនការសកម្មភាពឆ្នាំ២០២០ របស់ស្នងការរដ្ឋាននគរបាលខេត្ត ស្តីពីការបង្កើនធនធានមនុស្ស លើកកម្ពស់សមត្ថភាពជំនាញ ការគោរពវិន័យ ភាពថ្លៃថ្នូរមន្រ្តីនគរបាលជាតិ ស្របតាមវិជ្ជាជីវៈមន្ត្រីនគរបាលជាតិ ស្នងការដ្ឋាននគរបាលខេត្តបានបើកវគ្គបណ្តុះបណ្តាលរយៈពេល១៥ថ្ងៃ ដល់កងកិត្តិយស ចំនួន៤១នាក់ ដែលមកពីតាមអង្គភាព-ការិយាល័យជំនាញ និងបានបើកវគ្គបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលក្របខ័ណ្ឌថ្មីជំនាន់ទី១ ចំនួន១០០នាក់ ក្នុងនោះស្រី៣៤នាក់ មានរយៈពេល ៣០ថ្ងៃ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើដល់កងកម្លាំងនគរបាល ដែលបានអនុវត្តតួនាទីភារកិច្ច ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តបានល្អប្រសើរ ជាមួយគ្នានេះកងម្លាំងបានចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ១៩ និងសូមឲ្យកងកម្លាំងនគរបាល បន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តចុះផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ និងការគ្រប់គ្រងពលករ-ពលការីនីដែលទើបវិលត្រឡប់មកពីបរទេស ដើម្បីអនុវត្តចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះស្នងការរដ្ឋាននគរបាលខេត្ត ដែលបានរៀបចំវគ្គបណ្តុះបណ្តាលដល់កងកិត្តិយស និងការបណ្តុះបណ្តាលបឋមដល់មន្ត្រីនគរបាលថ្មីជំនាន់ទី១ ដើម្បីពង្រឹកធនធានមនុស្សក្នុងជួយកងកម្លាំង ជួយបំពេញបន្ថែមនូវសមត្ថភាពជំនាញឲ្យដល់កងកម្លាំងនគរបាលតាមអង្គភាពជំនាញ ជាមួយគ្នានេះ ឯកឧត្តម សូមផ្តាំផ្ញើរដល់សិក្ខាមជាមន្ត្រីនគរបាលក្របខ័ណ្ឌថ្មី ដែលត្រូវទទួលបណ្តុះបណ្តាលបឋមដល់ជំនាន់ទី១ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់ និងអនុវត្តតាមការបង្ហាត់បង្ហាញរបស់គ្រូឧទ្ទេស ដើម្បីទទួលបានចំណេះជំនាញសម្រាប់យកទៅ អនុវត្តលើការងារប្រចាំថ្ងៃតាមជំនាញនីមួយៗល្អប្រសើរ៕