ឯកឧត្តម អ៊ុន​ ចាន់ដា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋជួបការលំបាកចំនួន៦០ គ្រួសារ នៅស្រុកចំការលើ


(កំពង់ចាម)៖ នៅព្រឹកសៅរ៍ ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងជាគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ ប៉ាង ដានី អភិបាលរងខេត្ត អនុប្រធានអចិន្ត្រៃយ៍ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនដល់គ្រួសារបងប្អូនប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះ ចាស់ជរាគ្មានទីពឹង ជនពិការភាព ស្រ្តីមេម៉ាយ មានកូនច្រើន អ្នកជំងឺរាំរ៉ៃ ចំនួន៦០ គ្រួសារ នៅក្នុងស្រុកចំការលើ ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងអនុសាខាស្រុក និងអាជ្ញាធរមូលដ្ឋានស្រុកចំការលើ។

 

ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខពីសំណាក់ ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយសសាខា ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែមានសេចក្ដីបារម្ភ  និងគិតគូរអំពីសុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋគ្រប់ៗរូប និងក្នុងគ្រប់ស្ថានភាព និងកាលៈទេសៈ ដោយមិនរើសអើងឡើយង ។

យ៉ាងណាម៉ិញ ពេលនេះ សម្ដេចបានចាត់ឲ្យតំណាងចុះជួយអន្តរាគមន៍ ដោះស្រាយការលំបាករបស់បងប្អូនយើង បានទាន់ពេលវេលា ស្របតាមទិសស្លោក  «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ទៅដល់ជានិច្ច ។

ឯកឧត្តមប្រធានគណៈកម្មការ បានក្រើនរំឮកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ក្នុងការបន្តចូលរួមបង្ការ ទប់ស្កាត់ហានិភ័យ នៃការឆ្លងជម្ងឺកូវីដ ១៩ ដោយមិនត្រូវធ្វេសប្រហែស ឬភ្លេចខ្លួននោះឡើយ ។ ដូច្នេះ ត្រូវចូលរួមថែទាំសុខភាព តាមរយៈវិធានការអនាម័យស្អាត ៣យ៉ាង ការរក្សាគម្លាតសុវត្ថិភាព ពិសេស ការអនុវត្តខ្ជាប់ខ្ជួនតាមសារអប់រំនានា របស់ក្រសួងសុខាភិបាល គឺជាកត្តាចាំបាច់ ដែលត្រូវប្រតិបត្តិឲ្យបានជាប្រចាំ ដើម្បី ជៀសផុតពីការឆ្លង នៃជម្ងឺ ដ៏កាចសាហាវមួយនេះ ទាំងអស់គ្នា ។

ចំពោះអំណោយចែកជូនក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥ គីឡូក្រាម ទឹកស៊ីអ៊ីវ ០១ យួរ ទឹកត្រី ០១ យួរ ត្រីខកំប៉ុង ០១យួរ ម៉ាស់ ០៥ បន្ទះ អាវយឺត ០២ ថវិកា ២ម៉ឺនរៀល៕