ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញពិនិត្យការស្ថាបនាផ្លូវក្នុងក្រុងព្រះសីហនុ


(ព្រះសីហនុ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០១ ខែមិថុនា ឆ្នាំ២០២០នេះអញ្ជើញត្រួតពិនិត្យការស្ថាបនាផ្លូវ នៅក្នុងក្រុងព្រះសីហនុ ដែលជាផ្លូវនៃផែនការយុទ្ធសាស្ត្រក្នុងការធ្វើឱ្យក្រុងព្រះសីហនុ ក្លាយជាទីក្រុងទេសចរណ៍ និងពាណិជ្ជកម្មដ៏ស៊ីវិល័យ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន បានសម្រេចបញ្ចេញកញ្ចប់ថវិកាជាតិប្រមាណជា ៣០០លានដុល្លារអាមេរិក ដើម្បីកសាងផ្លូវចំនួន ៣៤ខ្សែ នៅក្នុងព្រះសីហនុ ដែលជាផ្លូវប្រកបដោយព្រណិតភាពដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ផ្លូវទាំង៣៤ខ្សែនេះ ត្រូវបានសម្តេចតេជោ អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩។

បន្ទាប់ពីបើកការដ្ឋានការស្ថាបនាផ្លូវត្រូវបានសម្រុកធ្វើទាំងយប់ទាំងថ្ងៃ ដោយការផ្ចិតផ្ចង់ជាទីបំផុតពីសំណាក់ក្រុមហ៊ុន និងកម្លាំងកងវិស្វកម្មរបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។ ដើម្បីធានាដល់គុណភាពសំណង់ និងធ្វើយ៉ាងណាឱ្យរួចរាល់តាមផែនការនៅចុងឆ្នាំ២០២០នេះ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាអ្នកគ្រប់គ្រងការស្ថាបនានេះដោយផ្ទាល់ ព្រមទាំងអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធបានយកចិត្តទុកដាក់ខ្ពស់បំផុតលើដំណើរការសាងសង់។

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ត្រូវបានគេសង្កេតឃើញចុះទៅកាន់ខេត្តព្រះសីហនុជាញឹកញាប់ ដើម្បីពិនិត្យទៅលើដំណើរការសាងសង់។ របាយការណ៍ការសាងសង់ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ពោលរយៈពេល៦ខែនេះក្រោយការចាប់ផ្តើមការដ្ឋាននោះ ការសាងសង់សម្រេចបានជាង ៩០ភាគរយ ដែលល្បឿននៃការសាងសង់នេះលឿនជាងការគ្រោងទុក្ខប្រមាណ ៤.៥ភាគរយ។

សូមបញ្ជាក់ដែរថា ផ្លូវទាំង ៣៤ខ្សែ មានប្រវែងផ្លូវសរុប ៨២.១៤៥គីឡូម៉ែត្រ នៅក្នុងក្រុងព្រះសីហនុ។ ផ្លូវទាំង៣៤ខ្សែនេះ ចែកចេញជា ៣ប្រភេទរួមមាន៖

១៖ មហាវិថីចំនួន ៣ខ្សែប្រវែងជាង ២២គីឡូម៉ែត្រ មានទទឹង ៥០ម៉ែត្រ ទ្រូងផ្លូវទទឹង ២៥.៧៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត៦គន្លង (៣ទៅ ៣មក) ផ្លូវទោចក្រយានយន្ត២គន្លង រួមមាន៖ មហាវិថីរាម (លេខ៤៥), មហាវិថីឆ្នេររាម និងមហាវិថីជំទាវម៉ៅ (លេខ៤៧)។

២៖ វិថីមានចំនួន១៦ខ្សែ មានប្រវែងជិត ៥០គីឡូម៉ែត្រ មានទទឹង ២០ម៉ែត្រ ទៅ ៤០ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ ទៅ ១៧.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត២គន្លង ទៅ៤គន្លង, ផ្លូវទោចក្រយានយន្ត២គន្លង។ វិថីទាំង ១៦ខ្សែនេះរួមមាន៖ វិថីលេខ ៨៣៧-១ វិថីអូត្រេះ, វិថីឆ្នែរអូរឈើទាល (លេខ៥០) វិថីកោះពូឡូវៃ (លេខ៣០០), វិថីឯករាជ្យ (លេខ១០០), វិធី២ធ្នូ (លេខ៦០០), វិថីលំហែព្រះភូមិន្ទ, វិថីឆ្នេរអូរត្រេះ, វិថីគុជអាស៊ី (លេខ១២៣៧), វិថីបុរីកម្មករ (លេខ១១២), វិថីជោតញ្ញាណ (លេខ៧០១), វិថី២៨មិថុនា (លេខ១២៣), វិថីមិត្តភាពកម្ពុជា-រុស្ស៉ី (លេខ៧០៥) វិថីចំណោតអូរត្រាវ និងវិថីឆ្នេរពយជំទាវម៉ៅ និងវិថីអូរត្រជាក់ចិត្ត។

៣៖ អនុវិថីមានចំនួន១៥ខ្សែ មានប្រវែងជិត ១២គីឡូម៉ែត្រ មានទទឹងផ្លូវពី ១៥ម៉ែត្រ ទៅ៤៥ម៉ែត្រ ទ្រូងផ្លូវទទឹង ១០.២៥ម៉ែត្រ មានគន្លងផ្លូវរថយន្ត ២គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង។ អនុវិថីទាំង១៥ខ្សែនេះ រួមមាន៖ ផ្លូវកាត់ទទឹងវិថីអូរត្រេះ និងវិថីឆ្នេរអូរត្រេះ, ផ្លូវលេខ៨០១, ផ្លូវលេខ៥០១, ផ្លូវលេខ៥០៣, ផ្លូវលេខ៥០៥, ផ្លូវលេខ៥០៧, ផ្លូវលេខ១១៥, ផ្លូវលេខ៦០២, ផ្លូវលេខ៥០២, ផ្លូវលេខ៨១០, ផ្លូវលេខ ៨១៨៨, ផ្លូវលេខ១០២, ផ្លូវលេខ៨០៦, ផ្លូវលេខ១០៦ និងផ្លូវលេខ១២៦ លើកលែងតែកំណាត់ទី៣ នៃផ្លូវលេខ៨០១ ប្រវែង ១០៣ម៉ែត្រ ផ្លូវមានទទឹង ១០ម៉ែត្រ។

ក្នុងគោលដៅប្រែក្លាយក្រុងព្រះសីហនុ ទៅជាទីក្រុងទំនើបដែលមានសោភណភាព បរិស្ថានល្អ សម្រាប់ការរស់នៅ ទេសចរណ៍ និងធុរកិច្ច។ ជាពិសេសធានាបានគុណភាពខ្ពស់ រឹងមាំ ប្រើប្រាស់បានយូរអង្វែង ការស្ថាបនាផ្លូវទាំង៣៤ខ្សែ ត្រូវគោរពតាមគោលការណ៍ និងលក្ខណៈបច្ចេកទេសដូចខាងក្រោម៖

១៖ គោរពតាមផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០។
២៖ កំណត់អ័ក្សផ្លូវតាមចំណុចកណ្តាលនៃដីចំណីផ្លូវសាធារណៈស្របតាមប្លង់សុរិយោដី។
៣៖ សាងសង់តាមគម្រោងប្លង់បច្ចេកទេសលម្អិត នៃខ្សែផ្លូវនីមួយៗដែលសិក្សាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា អនុលោមតាមបទដ្ឋានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន៖ ទ្រូងផ្លូវធ្វើពីបេតុងកម្រាស់ ២៥០មិល្លីម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៧០មិល្លីម៉ែត្រ បេតុងត្រូវពង្រឹងដោយប្រើដែកសរសៃទំហំ ១២មិល្លីម៉ែត្រ, ចិញ្ចើមផ្លូវមានផ្លូវថ្មើរជើងក្រាលសន្លឹកបេតុង និងផ្លូវជិះកង់ទទឹង ១.៥០ម៉ែត្រ ក្រាលកៅស៊ូបេទីមកម្រាស់ ៥០មិល្លីម៉ែត្រ មានដាំស្មៅ និងដើមឈើជាផ្ទៃបៃតងជ្រាបទឹក, ដាំដើមតែ និងរុក្ខជាតិលម្អរនៅតាមផ្លូវដែលមានខឿនសួនកណ្តាលចែកទ្រូងផ្លូវ, បង្កប់លូទឹកភ្លៀងមុខកាត់ ១ម៉ែត្រ និងលូទឹកកខ្វក់មុខកាត់ ១ម៉ែត្រ តាមបណ្តោយសងខាងផ្លូវ, មានបង្គោលភ្លើងបំភ្លឺសាធារណៈ, មានគំនូសចរាចរណ៍ និងផ្លាកសញ្ញាចរាចរណ៍តាមបទដ្ឋានបច្ចេកទេស។
បន្ថែមពីលើនេះ ផ្លូវសំខាន់ៗនឹងត្រូវបំពាក់កាមេរ៉ាសុវត្ថិភាពផងដែរ។

សូមបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលបានកំណត់ក្នុងផែនការរៀបចំដែនដីខេត្តព្រះសីហនុ ចក្ខុវិស័យឆ្នាំ២០៣០ គឺរៀបចំ និងអភិវឌ្ឍខេត្តព្រះសីហនុ ជាប៉ូលអភិវឌ្ឍជាតិប្រកបដោយចីរភាពនៅតំបន់ឆ្នេរសមុទ្រកម្ពុជា តាមរយៈការអភិវឌ្ឍទីក្រុងទំនើប រមណីយដ្ឋានឆ្នេរសមុទ្រ ដែលស្អាតបំផុតលើសកលលោក និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ច្រកចេញចូលអន្តរជាតិ មជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលភស្តុភារកម្មជាតិ ដោយមានទំនាក់ទំនងជាមួយទីផ្សារអាស៊ាន និងទីផ្សារសកលលោក និងជាមជ្ឈមណ្ឌលឧស្សាហកម្ម ផលិតកម្មបែបបច្ចេកវិទ្យាទំនើប ដែលមានសុខដុមនីយកម្មជាមួយនឹងបរិស្ថានរស់នៅល្អប្រសើរ។

ការសាងសង់ផ្លូវប្រកបដោយប្រណិតភាពទាំង៣៤ខ្សែនេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការធ្វើឱ្យសម្រេចនូវចក្ខុវិស័យឆ្នាំ២០៣០ របស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍខេត្តព្រះសីហនុ៕