ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលចំនួន ១៧៤នាក់


(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសតាំងស៊ប់ និងបំពាក់ឋានន្តរស័ក្តិ ជូនមន្ត្រីនគរបាលជាតិ ចំនួន១៧៤នាក់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្នុងឱកាសនោះដែរ ក៏មានការចូលរួមពីលោក លោកស្រី ស្នងការរង អធិការ អធិការងខណ្ឌទាំង១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

លោកវរសេនីយ៍ឯក ងួន ស៊ីរ៉ា នាយការិយាល័យបុគ្គលិក បានឡើងអានប្រកាសរបស់ក្រសួងមហាផ្ទៃ ក្រោយពីបញ្ចប់ការអានប្រកាស លោកស្នងការ លោក លោកស្រីស្នងការរង បានផ្តល់កិត្តិយសបំពាក់សក្តិ ជូនមន្ត្រីទាំង១០៤នាក់ ដែលទើបតាំងស៊ប់។

បន្ទាប់ពីការបំពាក់សក្តិ ត្រូវបានបញ្ចប់ តំណាងមន្ត្រីតាំងស៊ប់ បានឡើងប្តាជ្ញាចិត្ត ក្នុងនាមមន្ត្រីតាំងស៊ប់ ទាំង១០៤នាក់ ការពារនឹងស្មោះត្រង់ជានិច្ចចំពោះជាតិ សាសនា ព្រះមហាក្សត្រ គោរពរដ្ឋធម្មនុញ្ញ និងការពារចំពោះរាជរដ្ឋាភិបាលស្របច្បាប់មន្ត្រីទាំង១០៤ ត្រូវបានបែងចែកទៅការិយាល័យជំនាញ អធិការដ្ឋាននគរបាលខណ្ឌ និងបណ្តាប៉ុស្តិ៍ចំណុះអធិការខណ្ឌ។

ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក ស ថេត ក៏បានផ្តល់ជាមតិណែនាំល្អៗ ជាច្រើនដល់មន្ត្រីថ្មី៖

១៖ ត្រូវកាត់សក់ខ្លីជាប្រចាំ និងស្លៀកពាក់ឯកសណ្ឋានឲ្យបានស្អាត សមជាសមត្ថកិច្ចគំរូ
២៖ ត្រូវរៀនពីការគោរព ឲ្យបានត្រឹមត្រូវ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
៣៖ ត្រូវគោរពវិន័យកងកម្លាំងឲ្យបានល្អ
៤៖ ត្រូវយកចិត្តទុកដាក់រៀនសូត្រ ស្តាប់តាមការណែនាំ គោរពរៀមច្បង និងប្រធានអង្គភាព ដែលនឹងត្រូវចាត់តាំងទៅបម្រើការងារនៅទីនោះ
៥៖ ត្រូវផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋ ដូចជាការផ្តល់សេវាសាធារណៈឲ្យបានលឿន ជាពិសេសធានាឲ្យបានសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។
៦៖ ត្រូវមានវិន័យ អាកប្បកិរិយា សីលធម៌ និងគុណធម៌ល្អ ក្នុងនាមជាមន្ត្រីនគរបាលជាតិ
៧៖ ត្រូវបង្ហាញភាពទន់ភ្លន់ ប៉ុន្តែម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារ
៨៖ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានជាប្រចាំនៅពេលបើក ដើម្បីបង្ហាញជាគំរូល្អដល់ប្រជាពលរដ្ឋ ក្នុងនាមជាអនុវត្តច្បាប់
៩៖ ហាមដាក់ខាត និងចាកចេញឲ្យឆ្ងាយពីអ្វីដែលខុសច្បាប់ ជាពិសេសគឺគ្រឿងញៀន
១០៖ ត្រូវប្រើប្រាស់អាវុធឲ្យបានត្រឹមត្រូវ ហាមដាច់ខាតការបាញ់បោះសេរី
១១៖ ត្រូវចូលរួមថែរក្សាសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយជែល ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩៕