លោកជំទាវ ម៉ែន សំអន៖ ដំណើរការឧបត្ថម្ភសាច់ប្រាក់ មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការផ្ដល់សេវាសង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩


(ស្វាយរៀង)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងថា ដំណើរការការឧបត្ថម្ភសាច់ប្រាក់ មានតម្លាភាព គឺជាជោគជ័យរបស់រដ្ឋាភិបាល ក្នុងការផ្ដល់សេវា សង្គមមានប្រសិទ្ធភាព ក្នុងដំណាក់កាលនៃជំងឺកូវីដ១៩ សំដៅចូលរួមសម្រាល ការលំបាករបស់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះក្នុងសង្គម។

ការថ្លែងបែបនេះ ខណៈដែលលោកជំទាវ ម៉ែន សំអន អញ្ជើញជាអធិបតី ក្នុងពិធីកិច្ចប្រជុំ រកដំណោះស្រាយជួយប្រជាពលរដ្ឋក្រីក្រ នៅខេត្តស្វាយរៀង ដែលប្រឈមមុខ នឹងការខ្វះស្បៀងក្នុងអំឡុងពេល នៃការរីករាលដាលមេរោគកូវីដ១៩ នៅសាលាខេត្តស្វាយរៀង នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០។

លោកជំទាវ ម៉ែន សំអន ក៏បានថ្លែងនូវការកោតសសើរ ចំពោះលោក លោស្រី ប្រធានក្រុមការងារចុះ ជួយតាមស្រុក ក្រុង នៃខេត្តស្វាយរៀងនិងប្រធាន ក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលស្រុក ក្រុងទាំង៨ ដែលបានបំពេញ ការងារបានល្អប្រសើរទាំងការងារស្នូល និងការងារប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ១៩ នាពេលកន្លងមក។

ចំណែកឯកិច្ចប្រជុំថ្ងៃនេះ គឺប្រារព្ធឡើង ឆ្លើយតបនឹងសេចក្តីណែនាំលេខ៖ ១៧ ស.ជ.ណ របស់រាជរដ្ឋាភិបាលកម្ពុជា ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ស្ដីពីការតាមដាន គាំទ្រ និងជំរុញសកម្មភាពកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រអំឡុង ពេលនៃការរីករាលដាលជំងឺកូវីដ១៩។

លោកជំទាវ បានបញ្ជាក់ថា ដើម្បីធានាឲ្យបានលទ្ធផលដូចបានគ្រោងទុក តាមកាលបរិច្ឆេទដែលបានកំណត់ខាងលើ ជាពិសេស ជៀសវាងបាននូវភាពអសកម្ម ដែលធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់លើ ដំណើរការកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រ លោកស្រីបានជំរុញដល់លោក លោកស្រី ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តមេត្តាចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាភាពច្បាស់លាស់ និងបំបាត់ភាពមិនប្រក្រតី ពីប្រជាជនក្នុងមូលដ្ឋានរបស់ខ្លួន នៅពេលដែលអាជ្ញាធរ ឃុំសង្កាត់ បានសម្រេចជ្រើសរើសបញ្ចូលទៅក្នុង នៃគ្រួសារក្រីក្រ នឹងទទួលបាននូវបណ្ណសមធម៌ សម្រាប់ទទួលបានការឧបត្ថម្ភសាច់ប្រាក់ ដែលនឹងគ្រោងអនុវត្ត នៅពេលខាងមុខឆាប់ៗនេះ។

លោកស្រី ក៏បានស្នើឲ្យមន្ត្រីដែលពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តន៍ការងារបានរលូន៖

*ទី១៖ ប្រធានក្រុមការងារចុះតាមស្រុក ក្រុង និងមន្រ្តីជំនាញទាំងអស់ ត្រូវជំរុញអនុវត្តឲ្យបានតាមសេចក្តីណែនាំ លេខ ១៧ របស់រដ្ឋាភិបាល ដែលជារបៀបវារៈ ប្រជុំព្រឹកនេះ ដោយមានការចូលរួម និង សហការជាមួយអាជ្ញាធរភូមិ ឃុំ សង្កាត់ ត្រូវសម្រេចធ្វើឲ្យបានចប់សព្វគ្រប់នៅ ដំណាច់ខែឧសភាឆ្នាំ ២០២០ ចំពោះតំបន់ជនបទ និង តំបន់ទីប្រជុំជន ឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០។

*ទី២៖ ត្រូវដាក់ចេញនូវផែនការ កម្មវិធីការងារឲ្យបានមុនដំណាច់ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងការប្រមូលទិន្នន័យ ដើម្បីធ្វើបច្ចុប្បន្នភាព ក្រ.១ និង ក្រ.២។

*ទី៣៖ ត្រូវតាមដានការផ្តល់សាច់ប្រាក់ ដែលបានផ្តល់ជូនក្រុមគ្រួសារក្រីក្រ និងអប់រំសតិអារម្មណ៍ ជៀសវាងការថ្នាំងថ្នាក់ ពីប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕