កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះចំនួន ២គ្រួសារ នៅស្រុកកោះញែក


មណ្ឌលគិរីៈ ដើម្បីជួយដោះស្រាយនូវទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២ខ្នងផ្ទះ នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២០ សាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី ដឹកនាំដោយលោក សាយ ម៉េងគីម អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត រួមទាំងសមាជិក សមាជិកា និងអនុសាខាស្រុក បានអញ្ជើញចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌មួយចំនួនរបស់សាខាកាកបាទក្រហមខេត្ត ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២ខ្នងផ្ទះ ស្មើនឹង ២គ្រួសារ ស្ថិតនៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ករណីនេះ បានកើតឡើងកាលពីរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បណ្ដាលឱ្យមានការឆេះផ្ទះអស់ចំនួន ២ខ្នងផ្ទះ និងទ្រព្យសម្បត្តិមួយចំនួន តែមិនបណ្តាលឱ្យប៉ះពាល់ដល់អាយុជីវិតមនុស្សនោះទេ។

លោក សាយ ម៉េងគីម បានចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុភ្លើងឆេះផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ បណ្ដាលឱ្យមានការខូចខាតសម្ភារៈប្រើប្រាស់ក្នុងផ្ទះសំបែង និងទ្រព្យសម្បត្តិជាច្រើនផងដែរ។ នាឱកាសនោះ លោក ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពជាខេត្ត ជាពិសេស សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច តែងតែយកចិត្តទុកដាក់ គិតគូរពីសុខុមាលភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការនយោបាយអ្វីឡើយ។ ជាក់ស្តែង ប្រជាពលរដ្ឋរងគ្រោះ ចំនួន២ គ្រួសារនាពេលនេះ ទទួលបានអំណោយមនុស្សធម៌មួយចំនួនពីសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏ដូចជាសប្បុរសជននានា ដើម្បីជួយដោះស្រាយនូវការខ្វះខាតបានមួយរយៈពេលខ្លី។

លោក បានជំរុញដល់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន ត្រូវជួយសម្រួលធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ឫសៀវភៅស្នាក់នៅ និងឯកសារផ្សេងៗទៀត ដែលត្រូវភ្លើងឆេះ ធ្វើជូនគ្រួសាររងគ្រោះឱ្យបានឆាប់រហ័ស ក្នុងការងាយស្រួលដោះស្រាយ និងប្រកបមុខរបរផ្សេងៗ ដើម្បីធ្វើយ៉ាងណាស្តារនូវជីវភាពគ្រួសារឡើងវិញ ជាពិសេស ត្រូវចូលរួមសំអាតអនាម័យបរិស្ថានជុំវិញផ្ទះឱ្យបានស្អាត តាមរយៈការរស់នៅស្អាត ហូបស្អាត និងផឹកស្អាតផងដែរ។

នាឱកាសនោះ លោក សាយ ម៉េងគីម បាននាំយកអំណោយមនុស្សធម៌ ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះចំនួន ២គ្រួសារ រួមមាន៖ ក្នុង ១គ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ទឹកត្រី ទឹកស៊ីអ៊ីវ មី ត្រីខ កន្ទេល តង់ ឃីត ២កញ្ចប់ និងថវិកា ១លានរៀល ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជាស្រុកកោះញែក និងសប្បុរសជន បានឧបត្ថម្ភផ្តល់ជូនគ្រួសាររងគ្រោះទាំង ២គ្រួសារ ក្នុង១គ្រួសារ ទទួលថវិកា ២៤ម៉ឺនរៀលផងដែរ៕