បទអត្ថាធិប្បាយ៖ មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេសដាក់ផែនការវិច្ឆេទកម្មសេដ្ឋកិច្ចដើម្បីផ្តួលរំលំរដ្ឋាភិបាល!


ខណៈពេលដែលពិភពលោកស្ទើរតែទាំងមូលនិយាយជារួម និងកម្ពុជានិយាយដោយឡែក កំពុងទទួលរងផ​លប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានជះឥទ្ធិពលយ៉ាងអាក្រក់ធ្ងន់ធ្ងរបំផុតមកលើទិដ្ឋ​ភា​ពសេដ្ឋកិច្ច សង្គមកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខដឹកនាំបានយកចិត្តទុកដាក់បំផុត ដោយបានដាក់ចេញនូវវិធានជាបន្តបន្ទាប់គ្រប់ជ្រុងជ្រោយដោយប្រយ័ត្នប្រយែងទៅ​តាមដំណាក់កាលច្បាស់លាស់បំផុតដើម្បីរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច និងបានរៀបចំដាក់ចេញផែនការជា​កញ្ចប់ក្នុងការស្តារសេដ្ឋកិច្ចទាំងក្នុងពេលកំពុងជួបវិបត្តិកូវីដ១៩ និងជាមួយទស្សនៈវិស័យក្រោយវិបត្តិកូវីដ១៩។

ផ្ទុយទៅវិញ មេដឹកនាំក្រុមប្រឆាំងក្រៅប្រទេស បានដាក់ឲ្យសកម្មជនរបស់ខ្លួនទាំងអស់នៅក្នុងប្រទេសអនុវត្តផែនការវិច្ឆេទក​ម្មសេដ្ឋកិច្ចក្នុងទិសដៅបង្កើតឲ្យមានអស្ថេរភាពសង្គម ញុះញង់ និងបំផុសបំផុលឲ្យប្រជាជនមួយចំនួនដែលជាប់ជំពាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារក្នុងប្រទេសឲ្យងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ហើយប្រឆាំងនឹងកាតព្វកិច្ចសងបំណុលរបស់ខ្លួនជាមួយនឹងបណ្តាមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងនោះ។ និន្នាការ ឬសេណារីយោថ្មីរបស់មេដឹកនាំក្រុមប្រឆាំងបែបនេះ គឺពិតជាចេតនាទុច្ចរិតដ៏អាក្រក់បំផុត ដើម្បីបង្ករឲ្យមានការធ្វើវិច្ឆេទកម្មសេដ្ឋកិច្ចកម្ពុជាទាំងស្រុងក្នុងគោលដៅអនុវត្តស្រដៀងគ្នាទៅនឹងផែនការ ៩វិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ ក្នុងទិសដៅផ្តួលរំលំរដ្ឋាភិបាលកម្ពុជាយ៉ាងប្រាកដ។ តើអ្វីទៅជាវិច្ឆេទកម្មសេដ្ឋកិច្ច? តើមានមូលហេតុអ្វី ដែលមេដឹកនាំក្រុមប្រឆាំងប្រើប្រាស់ឧបាយកលវិចេ្ឆទកម្មសេដ្ឋកិច្ចប្រឆាំងនឹងរដ្ឋាភិបាល? តើការអំពាវនាវ និងបំផុសរបស់មេដឹកនាំក្រុមប្រឆាំងឲ្យប្រជាជនមួយចំនួនដែលជាប់បំណុលធ​នាគារ និងមីក្រូហិរញ្ញវត្ថុមិនបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ជាចេតនារុញច្រានឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំឬទេ? តើនេះពិតជាអំពើវិច្ឆេទកម្មសេដ្ឋកិច្ចឬទេ?
មេដឹកនាំក្រុមប្រឆាំងផ្កាប់មុខមួយនេះ ដែលស្ទើរតែបាត់ឈ្មោះក្នុងពិភពនយោបាយអាត្មានិយមរត់ចោលស្រុ​ក បានប្រឹងទាំងគ្មានសង្ឃឹម ព្យាយាមយកឈ្នះលើការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងគ្រប់សមរភូមិចាញ់ មិនដែលឈ្នះ បន្តឆ្លៀតប្រើប្រាស់ឧបាយកលខ្មៅក្រខ្វក់បំផុតរបស់ខ្លួនជាថ្មីម្តងទៀត ក្នុងផែ​នការវិច្ឆេទកម្មសេដ្ឋកិច្ចលើវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងរឿងការខ្ចីបុលរបស់ប្រជាជនមួយចំនួន។ តើការអំពាវនាវ និងបំផុសរបស់មេដឹកនាំក្រុមប្រឆាំងឲ្យប្រជាជនមួយចំនួនដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុមិនបំពេញកាតព្វកិច្ចបំណុលរបស់ខ្លួន ជាចេតនារុញច្រានឲ្យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំឬទេ? តើនេះពិតជាអំពើវិច្ឆេទកម្មសេដ្ឋកិច្ចឬទេ?

ជាការពិត បន្ទាប់ពីការបរាជ័យយ៉ាងអាម៉ាស់បំផុតក្នុងផែនការ ៩វិច្ឆិកា ឆ្នាំ២០១៩ មេដឹកនាំប្រឆាំង បាន​និងកំពុងបន្តប្រើប្រាស់ឧបាយកលវិច្ឆេទកម្មសេដ្ឋកិច្ច ក្នុងខណៈពេលដែលប្រជាជនកម្ពុជាកំពុងទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការឆ្លងរីករាលនៃមេរោគកូវីដ១៩ ដើម្បីបង្កើតឲ្យមានអស្ថេរសង្គម តាមរយៈធ្វើឲ្យវិស័យ​ធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដួលរលំ។ ក្នុងផែនការទុច្ចរិតរបស់ខ្លួន ប្រសិនបើវិស័យនេះដួលរលំនោះ ខ្លួនជឿទាំងឆ្គួតលីលាថា រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាក៏នឹងត្រូវដួលរលំផងដែរ។

ក្នុងសេដ្ឋកិច្ចទីផ្សារសេរី ចង់សំដៅទៅដល់ការប្រកួតប្រជែង មានន័យថាប្រកួតប្រជែងទាំងទិញចូល និងប្រកួតប្រជែងទាំងលក់ចេញ ដោយមិនមានអន្តរាគមន៍របស់អ្នកទីបីដែលជារដ្ឋនោះទេ។ ប៉ុន្តែ មិនមែនសេរីដោយមិនមានក្របខណ្ឌនោះទេដូចជាករណីវិច្ឆេទកម្មសេដ្ឋកិច្ច(Sabotage économique) ឬការលូកដៃរ​បស់រដ្ឋចំពោះប្រភេទទំនិញដែលជាអាយុជីវិតរបស់ប្រជាពលរដ្ឋ ដូចជា ស្រូវ អង្ករ និងប្រភេទទំនិញចាំបាច់មួយចំនួនទៀតសម្រាប់ជីវភាពប្រចាំថ្ងៃ។ ដូច្នេះ សេដ្ឋកិច្ចសេរី មានន័យថា ការធានាឱ្យមានការប្រកួតប្រជែងដោយសេរីក្នុងក្របខ័ណ្ឌនៃច្បាប់។ ក្នុងការរកស៊ីជួញដូរ ការខ្ចីបុលជាក្រិត្យក្រមធម្មតាក្នុងមុខរបរតាមបែបសេដ្ឋកិច្ចទីផ្សារ ដែលកូនបំណុល​ត្រូវអនុវត្ត​កាតព្វកិច្ច​ដើម ហើយ​កាតព្វកិច្ច​នោះ​ត្រូវបាន​ធានា​ដោយ​កិច្ចស​ន្យាធានាជាមួយរូបនីតិបុគ្គល ឬរូបវ័ន្ថបុគ្គល​ ឧទាហរណ៍ ធនាគារ ឬមីក្រូហិរញ្ញវត្ថុជាដើម។​ ជាការពិត គ្មានការខ្ចីបុលណាមួយដែលមិនត្រូវសងបំណុលនោះទេ ពីព្រោះធនាគារ និងមីក្រូហិរញ្ញវត្ថុជាកន្លែងទទួលបញ្ញើរពីអ្នកផ្ញើលុយជាកន្លែងរក្សាទុកលុយមានសុវត្ថភាពដើម្បីបានការប្រាក់ ហើយធនាគារ ឬមីក្រូហិរញ្ញវត្ថុក៏បានប្រើប្រាស់ប្រាក់បញ្ញើរនោះជាប្រាក់ឥណទានផ្តល់ជាប្រាក់កម្ចីទៅឲ្យអ្នកខ្ចីដោយរំពឹងទទួលបានមកវិញនូវការប្រា​ក់។ ដួច្នេះនេះជាប្រតិបត្តិការសាច់ប្រាក់កម្ចីវិលជុំដែលត្រូវសងទាំងប្រាក់ដើម និងការប្រាក់ក្នុងប្រតិបត្តិការជំនួញ។ ប្រសិនបើ ការខ្ចីបុលគ្មានសងប្រាក់ដើម និងការប្រាក់នោះ វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថនឹងត្រូវដួលរលំទាំងស្រុង។ តើមានប្រទេសណាគេរកស៊ីបែបនេះ? តើមានក្លែងណាខ្លះដែលមិនសងបំណុល? វាមានតែរបបកម្ពុជាប្រជាធិបតេយ្យ៣ឆ្នាំ ៨ខែ និង២០ថ្ងៃទេដែលគ្មានការខ្ចីបុល ហើយក៏គ្មានការសងបំណុលដែរ។

ការរៀបចំអនុវត្តផែនការវិច្ឆេទកម្មសេដ្ឋកិច្ចកម្ពុជាតាមរយៈការធ្វើឲ្យវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុដួលរលំរបស់មេដឹកនាំក្រុមប្រឆាំង គឺជាចេតនាទុច្ចរិតដ៏អាក្រក់បំផុតក្នុងការបំផុសកំហឹងប្រជាជនមួយចំនួនដែលជាប់ជំពាក់បំណុលឲ្យងើបប្រឆាំងនឹងរដ្ឋាភិបាល និងស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាដោយក្រុមប្រឆាំងញុះញង់ចោទរដ្ឋាភិបាលថា មិនបានទទួលខុសត្រូវធ្វើអន្តរាគមន៍លើបញ្ហាបំណុលរបស់ប្រជាជនមួយចំនួនដែលជាប់ជំពាក់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំងនោះ។

ផ្ទុយទៅវិញ ក្នុងកាលៈទេសពិសេសនេះ រដ្ឋាភិបាលបានយល់ដឹងច្បាស់ ហើយថែមទាំងបានចាត់វិធានការដាក់ចេញជាបន្តបន្ទាប់តាមរយៈធនាការកណ្តាលកម្ពុជាដោយបានស្នើសុំឲ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុទាំអស់ជួយបន្ធូរបន្ថយលក្ខខណ្ឌសងបំណុល​ដោយពិនិត្យមើលតាមករណីជាក់ស្តែងនិមួយៗ ហើយធនា​គារកណ្តាល ក៏បានចាត់វិធានការបន្ធូបន្ថយលក្ខខណ្ឌប្រតិបត្តិជាមួយបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថទាំងនោះវិញដែរ ដែលជាលក្ខខណ្ឌជួយគ្នាទៅវិញទៅមកក្នុងរយៈពេលខ្លីនៃវិបត្តិកើតឡើងដោយសារកូវីដ១៩នេះ។

មូលហេតុដែលមេដឹកនាំក្រុមប្រឆាំងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលជាអំពើក្បត់ជាតិជាច្រើនលើច្រើនសារ បានធ្វើសកម្មភាពប្រាស់ចាកពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងគោលការណ៍នីតិរដ្ឋ អនុវត្តសកម្មភាពបំផ្លិចបំផ្លាញសមិទ្ធផលសង្គមជាតិ ធ្វើវិច្ឆេទកម្មសេដ្ឋកិច្ច តាមរយៈការផ្តួលរំលំវិស័យធនាគារនៅកម្ពុជាសារជាថ្មី។ ក៏ប៉ុន្តែ ផែនការនេះមិនអាចទៅរួចទេ ព្រោះ លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានថ្លែងក្នុងពេលថ្មីៗនេះ ក្នុងវេទិការជួបសំណេះសំណាលជាមួយមន្រ្តីរាជការ និងក្រុមអ្ន​កបច្ចេកទេសសាងសង់ផ្លូវនៅក្រុងព្រះសីហនុ បានថ្លែងថា ផែនការរបស់ក្រុមប្រឆាំងក្រៅប្រទេស គឺចង់ឱ្យធនាគារនៅកម្ពុជាដួលទាំងអស់។ ហើយ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានចាប់ខ្លួនទាំងអស់ចំពោះជនណាដែលបម្រើឱ្យយុទ្ធនាការរបស់មេដឹកនាំក្រុមប្រឆាំងនៅក្រៅប្រទេសចង់ឲ្យធនាគារទាំងអស់នៅកម្ពុជាដួលរលំ។

ដូច្នេះ ក្រុមសកម្មជនប្រឆាំងទាំងអស់មិនត្រូវយកវាសនាជាប់គុកឥតប្រយោជន៍ ដោយសារការចាញ់បោកមេដឹកនាំក្រុមប្រឆាំងឡើយ។ ព្រោះ ប្រទេសកម្ពុជាយើង បានទទួលសុខសន្តិភាពយ៉ាងពេញលេញដែលជាកាលានុវត្តភាពមាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យបានរីកចម្រើន។ ក្នុងកាលៈទេសៈពិសេសនេះ ប្រជាជនកម្ពុជាត្រូវតែបន្តបោះជំហ៊ានទៅមុខទៀតឆ្ពោះទៅកាន់វឌ្ឍនភាព វិបុលភាព និងភាពរុងរឿង៕