អភិបាលខេត្តកណ្តាល បានអនុញ្ញាតឱ្យ ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ចូលជួបសម្តែងការគួរសម


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យ ក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស ដឹកនាំដោយ លោកឧត្តមសេនីយ៍ទោ យឹម ឡាលី អនុប្រធាននាយកដ្ឋានជនបរទេសអន្តោប្រវេសន្តជាអ្នកវិនិយោគ ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានក្រុមចម្រុះអធិការកិច្ចហត្ថពលកម្មបរទេស បានចូលជួបសម្តែងការគួរសម និងសុំផ្តល់មតិដឹកនាំពី ឯកឧត្តមអភិបាលខេត្ត ស្តីពីការអនុវត្តវិធានការមិនផ្តល់ទិដ្ឋាការបន្តរយៈពេលស្នាក់នៅក្នុងខេត្តកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ចំពោះជនបរទេសណាដែលគ្មានឈ្មោះក្នុងប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសក្នុងព្រះរាជាណាចក្រកម្ពុជា(FPCS) ។

ដែលកិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម នៃ ចារី អភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកនាយកទីចាត់ការរដ្ឋបាល លោកនាយកទីចាត់ការផែនការ និងវិនិយោគ លោកនាយករងទីចាត់ការហិរញ្ញវត្ថុ និងក្រុមចម្រុះអធិការកិច្ចពលកម្មបរទេសដែលមានមន្រ្តីមកពី នាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ជាអ្នកវិនិយោគឯកជន ចំណុះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោកប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងតំណាងអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្ត សរុបចំនួន១៥រូប។