លិខិតមិត្តអ្នកអាន៖ តើ រ៉ុង ឈុន ជាយុវជនការពារបរិស្ថាន?


(ភ្នំពេញ)៖ អ្នកដែលមិនបានដឹងរឿងពិត និងបានត្រឹមតែឃើញរូបភាពតាមហ្វេសប៊ុក ពិតជាមានប្រតិកម្មថា ហេតុអ្វីបានជាអាជ្ញាធរខេត្តកោះកុង ត្រូវសួរនាំទៅលើក្រុមយុវជនជិះកង់ដើម្បីដាក់ញត្តិទាមទារសង្គ្រោះកោះកុងក្រៅ ខណៈរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងបរិស្ថាន បាននិងកំពុងសិក្សា រៀបចំឯកសារពាក់ព័ន្ធដាក់តំបន់នេះជាឧទ្យានជាតិសមុទ្ររួចទៅហើយនោះ ហើយរំពឹងថា តំបន់កោះកុងក្រៅនេះនឹងប្រកាសជាផ្លូវការថាជាឧទ្យានជាតិសមុទ្រ នៅអំឡុងឆ្នាំ២០២១ ខាងមុខ។

ឆាកល្ខោននេះត្រូវបានគេរៀបចំឡើងក្នុងទម្រង់នៃការតស៊ូមតិ ដោយប្រើប្រាស់យុវជនមកប្រឈមមុខជាមួយអាជ្ញាធរ ហើយអ្នករៀបចំនិងដឹកនាំសម្តែងគឺ រ៉ុង ឈុន ជាសកម្មជនលាក់មុខរបស់ខ្មោចគណបក្សសង្គ្រោះជាតិ ជ្រកក្រោមស្លាកប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដែលមានឧបាយកលនយោបាយទុច្ចរឹតច្បាស់លាស់ ក្នុងការបំពុលសង្គមក្រោមរូបភាពសកម្មភាពថ្មី ប៉ុន្តែបម្រើឱ្យផែនការចាស់របស់ខ្មោចគណបក្សសង្គ្រោះជាតិក្នុងការផ្លាស់ប្តូររបបតាមបដិវត្តន៍ពណ៌ មិនប្រជាធិបតេយ្យ។

វត្តមានរបស់ រ៉ុង ឈុន ត្រូវបានគេដឹងថា មាននៅលើទឹកដីខេត្តកោះកុង និងមានវត្តមានជាប់រហូតជាមួយក្រុមយុវជន នៃអតីតអង្គការមាតាធម្មជាតិ និងអង្គការផ្សេងទៀត ព្រមទាំងបានចូលរួមរៀបចំយុទ្ធនាការជិះកង់នយោបាយនេះ ហើយ រ៉ុង ឈុន ខ្លួនឯងក៏បានថែមទាំងជិះកង់បើកយុទ្ធនាការថែមទៀត។ តើ រ៉ុង ឈុន ជានរណា? ប្រជាពលរដ្ឋខ្មែរ ពិតជាស្គាល់ច្បាស់ណាស់ថា រ៉ុង ឈុន ដែលជ្រកក្រោមស្លាកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ជាថ្នាក់ដឹកនាំជាន់ខ្ពស់មួយរូបរបស់ខ្មោចគណបក្សសង្គ្រោះជាតិ និងធ្វើសកម្មភាពទាំងឡាយដែលបម្រើឱ្យនយោបាយរបស់អតីតខ្មោចបក្សនេះ។ ចុងក្រោយនេះ រ៉ុង ឈុន បានចូលរួមយ៉ាងសកម្មជាមួយអតីតខ្មោចបក្សសង្គ្រោះជាតិ ក្រុមទណ្ឌិត សម រង្ស៊ី ដើម្បីរៀបចំផែនការវិលត្រឡប់នៃទណ្ឌិតរត់ចោលគុក សម រង្ស៊ីមកកម្ពុជាកាលពីឆ្នាំ២០១៩ កន្លងទៅ។

តើក្រុមយុវជននេះមកពីប្រភពណា? ពួកគេជាសមាជិកនៃអតីតអង្គការមាតាធម្មជាតិរបស់ អាឡិច ហ្គុងហ្សឺលេស ដែលត្រូវរដ្ឋាភិបាលកម្ពុជាដាក់ក្នុងបញ្ជីខ្មៅមិនឱ្យជាន់ទឹកដីកម្ពុជា ព្រោះជនបរទេស រូបនេះបានធ្វើសកម្មភាពនិងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតគណបក្សសង្គ្រោះជាតិ ហើយចុងក្រោយនេះជនបរទេសរូបនេះថែមទាំង បង្ហាញផែនការលម្អិតក្នុងការបង្កចលាចលសង្គមកម្ពុជាតាមរយៈការញុះញង់ឱ្យពលរដ្ឋងើបបះបោរប្រឆាំងនឹងអាជ្ញាធរ ដែលស្របតាមការចង់របស់ក្រុមមេដឹកនាំ នៃអតីតខ្មោចបក្សសង្គ្រោះជាតិថែមទៀតផង។ ក្រៅពីនោះក៏មានសមាជិកនៃក្រុមអង្គការបណ្តាញយុវជនកម្ពុជាចូលរួម និងមានបុគ្គលិកមកពីអង្គការសិទ្ធិមនុស្សលីកាដូ អមដំណើរការពារពួកក្រុមយុវជនទាំងនេះផងដែរ។

នេះគឺជាការរៀបចំផែនការជាប្រព័ន្ធ និងមានផែនការច្បាស់លាស់ក្នុងការធ្វើតេស្តកម្លាំងសមត្ថកិច្ចក្រោមរូបភាពប្រើប្រាស់យុវជនជាខែល ដើម្បីត្រៀមសម្រាប់ការអនុវត្តផែនការផ្សេងទៀត។ តាមពិត រ៉ុង ឈុន និងចៅហ្វាយនាយដែលគាំទ្រយុទ្ធនាការ និងថែមទាំងផ្តល់ថវិកាឱ្យក្រុមយុវជនដែលគេប្រើធ្វើនយោបាយទិញកង់សម្រាប់ជិះផងនេះ ពិតជាមានគោលដៅនយោបាយលើសពីការទាមទារឱ្យសង្គ្រោះកោះកុងក្រៅ។ អ្វីដែលគួរឱ្យកត់សម្គាល់ដើម្បីទាញចំណាប់អារម្មណ៍ ពួកគេបានប្រើប្រាស់ពាក្យ «សង្គ្រោះ» ដែលព្យាយាមបំភ្លៃ បំប៉ោង និងបំភ័ន្តមតិសាធារណៈ ប៉ុន្តែទិសដៅសំខាន់ពាក្យសង្គ្រោះអាចពួកគេចង់រំឭកឈ្មោះដល់ខ្មោចបក្សរបស់ខ្លួន ខណៈពលរដ្ឋខ្មែរភាគច្រើនមិនចង់រំឭឡើងវិញពីបក្សក្បត់ជាតិ ដែលត្រូវបានតុលាការសម្រេចរំលាយចោលស្របតាមច្បាប់។

នេះហើយជាការជិះកង់ធ្វើនយោបាយដែលខុសពីការជិះកង់កម្សាន្ត និងជិះកង់ហាត់ប្រាណ។ ម្យ៉ាងទៀតវិធានការរបស់អាជ្ញាធរខេត្តជាការត្រឹមត្រូវព្រោះក្រុមយុវជនរួមនឹង រ៉ុង ឈុន ផងគឺជាសមាជិកនៃអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពផ្សេងត្រូវស្ថិតក្រោមច្បាប់កំណត់។

ក្រុមយុវជនដែលគេប្រើជាខែលនយោបាយក៏គួរដឹងថា គេប្រើប្រាស់សកម្មភាពខ្លួនជាលេស បិទបាំងនយោបាយទុច្ចរិតរបស់ក្រុមប្រឆាំងនិងចៅហ្វាយនាយរបស់ពួកគេ។ ពេលសមត្ថកិច្ចសួរនាំក្រុមយុវជន ទាំងនោះនៅខេត្តកោះកុង រ៉ុង ឈុន បានគេចខ្លួនប្រាសអាយូសទុកក្រុមយុវជនទាំងនេះចោល។ នេះជាទម្លាប់នៃមេដឹកនាំខ្មោចសង្គ្រោះជាតិ ដែលតែងតែរត់ចោលសកម្មជនរបស់ខ្លួននៅពេលមានគ្រោះអាសន្ន។ ពួកគេដឹងតែទាញផលប្រយោជន៍ប៉ុណ្ណោះ។ ដូច្នេះ រ៉ុង ឈុន មិនមែនជាយុវជនការពារបរិស្ថានស្អីគេនោះដែរ
ហើយសកម្មភាពនៃការជិះកង់ដោយក្រុមសមាជិកអង្គក្រៅរដ្ឋាភិបាលដែលមិនសុំច្បាប់ទម្លាប់ក្នុងការធ្វើសកម្មភាពនេះ គឺគ្រាន់តែជាឆាកល្ខោនដែលគេរៀបចំឡើង ដោយបម្រើផែនការឧបាយកលទុច្ចរិតចាស់របស់ពួកគេពីមុនប៉ុណ្ណោះ ហើយអ្នកដឹកនាំធ្វើផ្ទាល់គឺ រ៉ុង ឈុន ដែលមានចេតនាធ្វើវិទង្សនាប្រឆាំងកម្ពុជា ដោយប្រើប្រាស់យុវជនប៉ុន្មាននាក់មកបង្កើតរូបភាពប្រឈមនឹងអាជ្ញាធរមានសមត្ថកិច្ច។ តាមតពិតល្បិចកលនយោបាយទុច្ចរិតនេះ ពលរដ្ឋខ្មែរបានដឹងអស់ហើយ!!!

ដោយ៖ ចៅចាក់ស្មុក
ស្រុកកំចាយមារ ខេត្តព្រៃវែង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០