មន្រ្តីជំនាញខេត្តមណ្ឌលគិរី ចុះពិនិត្យទំនិញ និងចំណីអាហារ នៅតាមតូបលក់ចាប់ហ៊ួយនានា ក្នុងស្រុកអូររាំង


មណ្ឌលគិរី៖ នៅក្នុងបេសកកម្មមន្ត្រីសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្តមណ្ឌលគិរី (ក.ប.ប) សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត ដឹកនាំដោយលោក ជ័យ សាមឿន អនុប្រធាន បានចុះត្រួតពិនិត្យមុខទំនិញ និងចំណីអាហារនៅតាមតូបលក់ចាប់ហ៊ួយនានា ដែលអាជីវករដាក់តាំងលក់ ក្នុងស្រុកអូររាំង នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
លោក ជ័យ សាមឿន បានឱ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនេះ ក្នុងគោលបំណងការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ផ្ដោតទៅលើទំនិញវេចខ្ចប់ស្រាប់ ជាពិសេស ទំនិញហួលការបរិច្ឆទប្រើប្រាស់ ទំនិញគ្មានសុវត្ថិភាព ឬ លាយសារធាតុគីមីហាមឃាត់ ថែមទាំង បានផ្សព្វផ្សាយណែនាំម្ចាស់ស្ថានីយ៍/ដេប៉ូប្រេងឥន្ទៈទាំងអស់ ឱ្យអនុវត្តប្រកាសអន្តរក្រសួង ស្តីពីការកំណត់រូបមន្តសម្រាប់កែសម្រួលថ្លៃលក់រាយប្រេងឥន្ទៈនៅកម្ពុជា នៅក្រុងសែនមនោរម្យ និងស្រុកអូររាំង ជាលទ្ធផលម្ចាស់ស្ថានីយ៍ប្រេងឥន្ទៈទាំងអស់ បានអនុវត្តតាមការកំណត់របស់ក្រសួងពាណិជ្ជកម្ម បានត្រឹមត្រូវផងដែរ។ បន្ថែមលើសនេះ លោក ក៏បានណែនាំដល់ម្ចាស់ស្ថានីយ៍/ដេប៉ូប្រេងឥន្ទៈទាំងអស់ ក្នុងខេត្តមណ្ឌលគិរី ត្រូវលក់តាមតម្លៃដែលបានកំណត់ក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម មិនអនុញ្ញាតឱ្យលក់លើសតម្លៃដែលក្រសួងបានកំណត់នោះឡើយ។
លោក ជ័យ សាមឿន បានបន្ថែមថា ការចុះត្រួតពិនិត្យទំនិញនេះ មន្ត្រីជំនាញបានធ្វើតេស្តទៅលើមុខម្ហូបអាហារ និងបន្លែជាច្រើនមុខ ជាលទ្ធផល ពុំមានសារធាតុគីមីហាមឃាត់នោះទេ ហើយមន្ត្រីជំនាញ ក៏បានពិនិត្យទៅលើទំនិញវិចខ្ចប់ស្រាប់ជាច្រើនមុខ និងទទួលបានលទ្ធផលល្អប្រសើរ ពោលគឺមិនមានទំនិញខូចគុណភាពទេ។
ទន្ទឹមនិងការចុះត្រួតពិនិត្យទំនិញនេះដែរ មន្ត្រីជំនាញ បានធ្វើការណែនាំដល់អាជីវករ ឱ្យមានការយល់ដឹង និងមានការប្រុងប្រយ័ត្ន ចំពោះទំនិញទាំងឡាយណាដែលមិនមានគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និង ត្រូវរៀបចំទំនិញលក់ដូរទុកដាក់ឲ្យមានសណ្តាប់ធ្នាប់ល្អ និងបានបិទរូបភាព ដែលរៀបចំដោយ អគ្គនាយកដ្ឋានកាំងកុងត្រូល ជូនដល់អ្នកលក់ និង អ្នកប្រើប្រាស់ អោយបានយល់ដឹងពីរូបភាព ជាបឋមនូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់៕