ក្រសួងសង្គមកិច្ច ប្រជុំរកដំណោះស្រាយរួម ជួយជនរងគ្រោះដោយអំពើជួញដូរ និងអាជីវកម្មផ្លូវភេទក្នុងកំឡុងនៃការរាតត្បាតជំងឺកូវីដ១៩


(ភ្នំពេញ)៖ លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការតំណាងឯកឧត្តម វង សូត រដ្ឋមន្ត្រី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា និងជាប្រធានក្រុមការងារការពារជនរងគ្រោះ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងសមាហរណកម្មជនរងគ្រោះ បានដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងពិភាក្សាការងារក្នុងអំឡុងពេល COVID -19 នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នាទីស្តីការក្រសួងសង្គមកិច្ច។

កិច្ចប្រជុំនាពេលនេះ ធ្វើឡើងក្នុងគោលបំណងរកដំណោះស្រាយរួមគ្នា ជួយដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មផ្លូវភេទ ការគេងប្រវ័ញ្ច គ្រប់ទម្រង់ផ្សេងៗ ទៀត នៃការរំលោភបំពាន ក្នុងកំឡុងពេលមេរោគរាតត្បាតកូវីដ១៩ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺដ៏កាចសហាវនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោក ញ៉ឹក វណ្ណារ៉ា បានលើកឡើងថា ការប្រជុំជាមួយភាគីពាកព័ន្ធនាពេលនេះ គឺដើម្បីរកដំណោះស្រាយសមស្របមួយចំនួន ក្នុងការជួយដល់ ជនរងគ្រោះដោយអំពើជួញដូរ និងអាជីវកម្មផ្លូវភេទ ក្នុងកំឡុងនៃការរាតត្បាត ជំងឺកូវីដ១៩។

លោកបានបន្តថា ក្នុងខណៈពេលនេះ យើងត្រូវមានវិធានការទប់ស្កាត់ឲ្យបានល្អបំផុត ដើម្បីជួយកុំឲ្យជនរងគ្រោះ ជួបការលំបាក ដែលប្រឈមនឹងការឆ្លងជំងឺដ៏កាចសហាវមួយនេះ ដោយប្រការណាមួយ។

លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា ការប្រជុំនាថ្ងៃននេះ បានពិភាក្សាទៅលើចំណុចសំខាន់ៗមួយចំនយណរួមមាន៖

*ទី១៖ ការផ្លាស់ប្តូរព័ត៌មានពីជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស ក្នុងគោលបំណងធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី២៖ ការសម្របសម្រួលក្នុងការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម
*ទី៣៖ ការសម្របសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែង ផ្តល់ជំនួយផ្នែកច្បាប់ដល់ជនរងគ្រោះ ដោយអំពើជួញដូរមនុស្ស
*ទី៤៖ ការតាមដានត្រួតពិនិត្យ និងការប៉ាន់ប្រមាណលទ្ធផល នៃការធ្វើមាតុភូមិនិវត្តន៍ និងសមាហរណកម្ម៕