ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត និង ឯកឧត្តមអភិបាលនៃគណអភិបាលខេត្តកំពង់ចាម បន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ របស់កសិករឃុំព្រីងជុំ ស្រុកជើងព្រៃ


នៅព្រឹកថ្ងៃដដែល ចេញពីឃុំផ្តៅជុំ ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមឯកអគ្គរដ្ឋទូត ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត និងសហការីបានបន្តដំណើរមកចុះពិនិត្យសកម្មភាពប្រមូលផលឱឡឹក និងត្រសក់ស្រូវ របស់កសិករឃុំព្រីងជុំ ស្រុកជើងព្រៃ។ តាមការរាយការណ៍របស់បងស្រីម្ចាស់ចំការបានឲ្យដឹងថាបងស្រី និងគ្រួសារផ្សេងទៀត បានចាប់យកអាជីបដាំឱឡឹក និងត្រសក់ស្រូវ ជាច្រើនឆ្នាំមកហើយលើដីជាកម្មសិទ្ធិ និងដីជួល ក្រៅពីដំណាំស្រូវដោយទទួលបានចំណូលយ៉ាងល្អប្រសើរ ប៉ុន្តែទៅតាមរដូវ និងអាកាសធាតុ (ភ្លៀង ឬរាំងស្ងួត)។ បច្ចុប្បន្ន ទីផ្សារឱឡឹកមានតម្លៃល្អ អាចប្រមូលបានចំណូលជាង ២លានរៀលក្នុង ១ហត ក្នុង១រដូវ។ អ្វីដែលជាបញ្ហាសម្រាប់ពួកគាត់ គឺទឹក ប្រសិនជាមានទឹកកសិករនៅតំបន់នេះ អាចធ្វើស្រែបាន ២ដងក្នុងមួយឆ្នាំ និងដាំដំណាំផ្សេងទៀតបានផលល្អ ដូច្នេះនៅចំពោះ មុខឯកឧត្តមរដ្ឋមន្រ្តី ឯកឧត្តមឯកអគ្គរាជទូត ឯកឧត្តមប្រធានអភិបាលនៃគណអភិបាលខេត្ត បានសំណូមពរប្រឡាយទឹកនាំទឹកមកកាន់តំបន់នេះ។ ពួកគាត់បានអរគុណសន្តិភាព មានសន្តិភាព ធ្វើឱ្យជីវិតមានភាព សុខសាន្ត បង្កលក្ខណងាយស្រួលក្នុងការងារបង្កបង្កើនផល បង្កើនចំណូល និងកំណើនសេដ្ឋកិច្ច ក្នុងគ្រួសារ។

បន្ទាប់ពីបានឃើញផលឱឡឹក និងត្រសក់ស្រូវ ដែលកំពុងប្រមូលផល ឯកឧត្តមរដ្ឋមន្ត្រីបានស្នើសុំឲ្យប្រជាពលរដ្ឋបន្តខិតខំប្រឹងប្រែងបន្ថែមទៀតលើការងារដាំដុះបន្លែ ធ្វើយ៉ាងណាបង្កើនបរិមាណផលិត ធានាគុណភាព ឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងចំណង់ចំណូលចិត្តអ្នកបរិភោគ និងជាពិសេសកាត់បន្ថយការនាំចូល និងជាពិសេសគួរធ្វើការកែច្នៃត្រសក់ចាវ អាចរក្សាទុកបានយូ។ លោកបានណែនាំឲ្យមន្ទីរជួយធ្វើការបណ្តុះបណ្តាលបច្ចេកទេសបន្ថែម រកទីផ្សារ និងគួរដាំដំណាំឆ្លះ។ ក្រៅពីនេះ មន្ទីរគួរសិក្សាពីលទ្ធភាពបង្កើតកន្លែងប្រមូលផ្តុំបន្លែបន្ថែម ដើម្បីធានាបរិមាណផ្គត់ផ្គង់ឱ្យទីផ្សារ។