ក្រសួងសុខាភិបាល៖ អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតបានជាសះស្បើយ ខណៈអ្នកឆ្លងថ្មីមិនមានឡើយ !


ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ បានសេចក្ដីជូនព័ត៌មានបញ្ជាក់ពីករណីព្យាបាលជាសះស្បើយអ្នកជំងឺកូវីដ១៩ម្នាក់ និង មិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីឡើយ។

អ្នកជំងឺដែលជាសះស្បើយ គឺជាបុរសជនជាតិខ្មែរអាយុ ២៦ឆ្នាំ រស់នៅភូមិរកាពរ៥ ឃុំរកាពរ៥ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាសិស្សដែលបានវិលត្រឡប់មកពីប្រទេសថៃ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់ ចូលមកក្នុងខេត្តបន្ទាយមានជ័យ ដែលត្រូវបានព្យាបាលបានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង។ បច្ចុប្បន្ន បុរសរូបនេះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តកម្ពុជា-ជប៉ុនមង្គលបុរី នៃខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០ អ្នកមានវីរុសកូវីដ-១៩ ដែលបានរកឃើញទាំងអស់នៅទូទាំងប្រទេស សរុបចំនួន១២៦នាក់ (ស្ត្រី ៣៩នាក់ និងបុរស ៨៧នាក់) ក្នុងនោះអ្នកព្យាបាលជាសះស្បើយមានចំនួន ១២៤នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន០២នាក់ គឺបុរសជនជាតិខ្មែរម្នាក់ ដែលបានវិលត្រឡប់មកពីប្រទេសហ្វីលីពីន និង បុរសជនជាតិខ្មែរ-បារាំងម្នាក់ទៀត ដែលបានវិលត្រឡប់មកពីប្រទេសបារាំង៕