អភិបាលខេត្តកែប អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារ


ព្រឹកថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប ដោយមានការអញ្ជើញចូលរួមពីសំណាក​ ឯកឧត្តម ទេព យុទ្ធី សមាជិកព្រឹទ្ធសភា​ ប្រចាំភូមិភាគ៥ លោក អ៊ីង ឆាយ អភិបាល​រងខេត្ត​នឹងជាអនុប្រធានទី១ ក្រុមការងារចុះជួយភូមិអំពេង លោក​ លោកស្រី​ ប្រធាន​ អនុប្រធានមន្ទីរ​អង្គភាពជុំវិញខេត្ត​ គណ:អភិបាលស្រុកដំណាក់ចង្អើរ ក្រុមប្រឹក្សាស្រុក​ដំណាក់​ចង្អេីរ​ និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ​ និងនាំយកនូវអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន១៣១គ្រួសារ ស្ថិតនៅភូមិអំពេង ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប ។ ក្នុងនោះអំណោយ ដែលប្រជាពលរដ្ឋទទួលបានក្នុងមួយគ្រួសារៗរួមមាន៖ អង្ករ ២៥គីឡូក្រាម ថវិកា៥ម៉ឺនរៀល និងសំបុត្រកំណើត ០១សន្លឹក ។
ថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋនាឱកាសនោះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណះអភិបាលខេត្ត បានជំរុញឲ្យបងប្អូនប្រជាពលរដ្ឋត្រូវតែបន្តរក្សាសុខភាពអនាម័យជាប្រចាំ​ ដើម្បីចៀងវាងការឆ្លងនៅជំងឺផ្សេងៗ ជាពិសេស ជំងឺកូវីដ-១៩ ព្រោះទាំងប្រទេសជិតខាង និងក្នុងប្រទេសកម្ពុជាយើងនៅតែមានជំងឺកូវីត-១៩នេះនៅឡើយ ។ បន្ថែមពីនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញអោយប្រជាពលរដ្ឋទាំងអស់កុំលេងល្បែងស៉ីសងគ្រប់ប្រភេទ ដោយត្រូវយកពេលវេលាទៅប្រកបមុខរបរផ្សេងៗ ដាំដុះដំណាំផ្សេងៗដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ និងបានជំរុញដល់ប្រជាពលរដ្ឋទាំងអស់ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនៅមូលដ្ឋានក្នុងការផ្តល់ដំណឹងអំពីជនសង្ស័យដែលមានការពាក់ព័ន្ធ​បទល្មេីសផ្សេងៗ​ ជាពិសេសការប្រេីប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ ដេីម្បីឆ្លេីយតបទៅនឹងគោលនយោបាយភូមិឃុំមានសុវត្តិភាព​ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ ក្រៅពីនេះ ឯកឧត្តម​ អភិបាលខេត្ត​ ក៏បានជំរុញដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវបន្តបំរើ និងផ្តល់សេវាសាធារណ:ជូនដល់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព៕