កម្ពុជា-ចិន នឹងបើកកិច្ចប្រជុំនៅថ្ងៃទី១៦ មិថុនា ពិភាក្សារឿងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ១៩


(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ខាងមុខនេះជាមួយឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ដ្រីការបរទេសចិន និងជាសហប្រធានខាងភាគីចិន ដើម្បីសហការគ្នាស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយវិបត្តិកូវីដ១៩។

ការបញ្ជាក់បែបនេះរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមជាសហប្រធាន នៃកិច្ចប្រជុំផងនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ក្នុងឱកាសដែលឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបញ្ចប់កិច្ច ប្រជុំផ្ទៃក្នុងគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ស្តីពីភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងសហគមន៍វាសនាតែរួមកម្ពុជា-ចិន នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឱ្យដឹងថា កិច្ចប្រជុំគណៈកម្មាធិការភាគីកម្ពុជា មានការអញ្ជើញចូលរួមពីសមាជិក-សមាជិកាគណៈកម្មាធិការកម្ពុជា ដើម្បីត្រៀមចូលរួម កិច្ចប្រជុំតាមរយៈវីដេអូខនហ្វឺរេន (Video Conferrence) នៅថ្ងៃទី១៦ ខែមិថុនាខាងមុខ ជាកិច្ចប្រជុំធំជាមួយភាគីចិន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា កិច្ចប្រជុំនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ខាងមុខ នឹងមានការពិភាក្សាគ្នា លើរបៀបវីរៈថា តើកិច្ចសហការរវាងកម្ពុជា-ចិនកន្លងមក មានលក្ខណៈយ៉ាងណា ហើយទៅពេលអនាគត នឹងបន្តសហការគ្នាយ៉ាងណាបន្ថែមទៀត ដើម្បីស្តារសេដ្ឋកិច្ចរបស់កម្ពុជាឡើងវិញ ក្រោយពីវិបត្តិកូវីដ១៩ ដោយសារតែជំងឺកូវីដ១៩នេះ បានប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច មិនមែនតែក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែគឺសកលលោកទាំងមូល។

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០១០មក កម្ពុជា-ចិន បានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ហើយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ ក្រោមការអនុញ្ញាតពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីចិន, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង តំណាងកម្ពុជា និងឯកឧត្តម វ៉ាង យ៉ី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានចុះហត្ថលេខា លើផែនការ៥ឆ្នាំ ដើម្បីកសាងសហគមន៍វាសនារួម កម្ពុជា-ចិន ដូច្នេះ ហើយទំនាក់ទំនង រវាងកម្ពុជាជាមួយចិន ជាទំនាក់ទំនងពិសេស លើគ្រប់ជ្រុងជ្រោយទាំងអស់៕