ឯកឧត្តម ណយ ស្រូន អមដំណើរដោយ អភិបាលរងខេត្តមណ្ឌលគិរី បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយគ្រឿងឧបភោគបិរិភោគ និងសម្ភារការពារជំងឺឆ្លងកូវី-១៩ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន៥៥គ្រួសារ


នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ អមដំណើរដោយ លោក ប៉េង សម្បត្តិ អភិបាលរងខេត្តមណ្ឌលគិរី រួមជាមួយនឹងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងបាននាំយកនូវអំណោយគ្រឿងឧបភោគបិរិភោគ និងសម្ភារការពារជំងឺឆ្លងកូវី-១៩ ចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងខ្វះខាតចំនួន៥៥គ្រួសារ ដោយក្នុងមួយគ្រួសារទួទួលបាននូវ៖ អង្ករ ទឹកត្រី មី ត្រីខ ក្រម៉ា អាល់កុល សាប៊ូ ម៉ាស់ ស្ថិតនៅភូមិពូទ្រូលើ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្ត ដែលជានិច្ចកាល តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ជាពិសេស ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ស្រ្តីមេម៉ាយ ក្មេងកំព្រា និងប្រជាពលរដ្ឋរងគ្រោះដោយប្រការផ្សេងៗ។ នាឱកាសនោះផងដែរ ឯកឧត្តមបានបញ្ជាក់ថា ដោយស្ថានភាពបច្ចុប្បន្ននេះ ជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលនៅលើសកលលោក ដូច្នេះ សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរស់នៅឱ្យមានអនាម័យជាប្រចាំ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក៏សូមឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំបង្កបង្កើនផល និងដាំដុះដំណាំរួមផ្សំផ្សេងៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យមានជីវភាពរស់នៅមានលក្ខណៈសមរម្យ៕