រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូ២ខ្សែ នៅខេត្តកំពង់ធំ


(ភ្នំពេញ)៖ បណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០នេះ បានដឹកនាំប្រតិភូរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យការដ្ឋានសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន២ខ្សែ ប្រវែងសរុប ៤១.៥ គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ធំ។

ក្នុងនោះខ្សែផ្លូវទី១ ចាប់ពីតាអោក ទៅងន ដែលមានប្រវែងសរុប ២១.១០ គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ និងខ្សែផ្លូវទី២ ចាប់ពីត្រាច ទៅស្មោញ ដែលមានប្រវែងសរុប ២០.៤គីឡូម៉ែត្រ ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ និងស្រុកប្រាសាទបាល្ល័ង្គ ខេត្តកំពង់ធំ ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) និងហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលអូស្ត្រាលី (GOA)។

ជាលទ្ធផលសម្រាប់ខ្សែទី១ សម្រេចបាន៩៥% និងខ្សែទី២ សម្រេចបាន៥៥% ហើយគ្រោងនឹងបញ្ចប់នៅខែវិច្ឆិកា ឆ្នាំ ២០២០ខាងមុខនេះ៕