អភិបាលខេត្តកំពង់ចាម ឯកភាពអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មី ដើម្បីផ្តល់កន្លែងសមរម្យដល់មន្រ្តីបំពេញការងារ សម្រាប់ផ្តល់សេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ


(កំពង់ចាម)៖ នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែមិថុនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត បានអញ្ជើញពិនិត្យសំណង់អគាររដ្ឋបាលថ្មីរបស់សាលាខេត្តកំពង់ចាមដែលបានផ្អាកការសាងសង់កាលពីពេលកន្លងទៅ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបញ្ចាក់ថា ដោយមើលឃើញពីការលំបាករបស់មន្ត្រីដែលកំពុងបម្រើការងារនៅសាលាខេត្ត និងដើម្បីផ្តល់កន្លែងសមរម្យជូនដល់មន្ត្រីក្នុងការបំពេញការងារប្រចាំថ្ងៃ សម្រាប់បម្រើសេវាសាធារណៈដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនដែលមកទទួលសេវាសាធារណៈនៅសាលាខេត្ត គណៈអភិបាល បានឯកភាព និងអនុញ្ញាតិឲ្យបន្តការសាងសង់អាគាររដ្ឋបាលថ្មីនេះបន្ត ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១៨ ខែមិថុនាឆ្នាំ ២០២០នេះ។

គូសបញ្ជាក់ថា គម្រោងសាងសង់អាគាររដ្ឋបាលសាលាខេត្ត សង់ឡើងពីគ្រោងបេតុងអាម៉េ ជញ្ជាំងរៀបឥដ្ឋ និងតំបូលប្រក់ក្បឿងទំហំបណ្តាយ ៥៣,២៥ ម ទទឹង ២៤ ម និងកំពស់ ២៤,៥៧ ម មានទីតាំងក្នុងបរិវេណសាលាខេត្ត នៅភូមិទី ៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។