រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានសាងសង់ផ្លូវលំជនបទ ១៣ខ្សែប្រវែងជាង១៣គីឡូម៉ែត្រ នៅខេត្តតាកែវ


(តាកែវ)៖ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រឹកថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវលំជនបទ ក្រោមក្របខណ្ឌគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ជនបទ និងគាំទ្រកសិករ ស្ថិតនៅភូមិព្រៃឈើទាល ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។

សម្រាប់នៅខេត្តតាកែវ ផ្លូវលំជនបទមានចំនួន១៣ខ្សែ ប្រវែងជាង១៣គីឡូម៉ែត្រដែលត្រូវសាងសង់។

សូមបញ្ជាក់ថា គម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ជនបទ និងគាំទ្រកសិករ ជាគម្រោងដែលទទួលហិរញ្ញប្បទានផ្ទាល់ពីរាជរដ្ឋាភិបាល ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រ, លើកកម្ពស់ជីវភាព និងសុខមាលភាពរស់នៅរបស់ប្រជាជនជនបទ និងប្រជាកសិករក្រីក្រ។

គម្រោងនេះត្រូវធ្វើឡើងតាមរយៈ៖ ១-ការបង្កើតឱកាសការងាររយៈពេលខ្លីតាម កម្មវិធីសាច់ប្រាក់ពលកម្ម ដែលនឹងជួយដោះស្រាយជីវភាពបន្ទាន់ ក្នុងរយៈពេលខ្លីផង និងបង្កើតជាទុនសម្រាប់ ការវិនិយោគបន្តលើរបរកសិកម្ម ឬមុខរបរសមស្របដទៃទៀតផងដែរ និង២-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវលំជនបទ និងលូបង្ហូទឹកក្នុងតំបន់ទីប្រជុំជន។

គម្រោងនេះ មានវិសាលភាពគ្របដណ្តប់ខេត្តចំនួន១៧រួមមាន៖ ខេត្តកំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ តាកែវ បាត់ដំបង ពោធិ៍សាត់ ព្រៃវែង សៀមរាប ស្វាយរៀង ឧត្តរមានជ័យ កណ្តាល ខេត្តបន្ទាយមានជ័យ កំពត ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ និងព្រះវិហារ៕