កាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី បានអញ្ជើញចុះសួរសុខទុក្ខ​ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥២គ្រួសារ នៅស្រុកកោះញែក


មណ្ឌលគិរីះ នាព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ លោក សាយ ម៉េងគីម អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តមណ្ឌលគិរី រួមទាំង សមាជិក សមាជិកា អនុសាខាស្រុក និងសហការី បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ផ្តល់ជូនជនចាស់ជរា និងគ្រួសារក្រីក្រចំនួន ៥២គ្រួសារ ស្ថិតនៅឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
លោក សាយ ម៉េងគីម បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង ប្រធានគណៈកម្មាធិការសាខា ជាពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោក បានបន្តថា អំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនប្រជាពលរដ្ឋនាពេលនេះ ដើម្បីជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេស គឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល” “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
នាឱកាសនោះ លោក សាយ ម៉េងគីម បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការចូលរួមអនុវត្តវិធានការការពារ និងកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ បន្ថែមលើស លោក សាយ ម៉េងគីម បានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវខិតខំចិញ្ចឹមសត្វ និងបង្កបង្កើនផល ដំណាំរួមផ្សំផ្សេងៗ ដើម្បីឱ្យជីវភាពមានលក្ខណៈសមរម្យ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
សូមបញ្ជាក់ថា អំណោយរបស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនពលរដ្ឋក្រីក្រចំនួន ៥២គ្រួសារ ក្នុងឃុំណងឃីលិក ស្រុកកោះញែក ក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ អាវយឺត សាប៊ូ ១ដុំ និងម៉ាស់ការពារជំងឺកូវីដ១៩ផងដែរ៕