ពិធីប្រកាសផ្សព្វផ្សាយ និងដាក់ អោយដំណើរការមន្ទីរសុខាបាលនៃរដ្ឋបាលខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង : នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២០ រដ្ឋបាលខេត្ត កំពង់ឆ្នាំង បើកពិធីប្រកាសផ្សព្វផ្សាយ និងដាក់អោយដំណើរ ការមន្ទីរសុខាភិបាល ក្រោមអធិបតីភាព ឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួម ពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្តីរអង្កភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍រដ្ឋបាល នគរបាលក្នុងខេត្តសរុបចំនួន ៣២៧ នាក់ ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថាៈផ្អែកលើប្រព័ន្ធគ្រប់គ្រងថ្មីនេះ ក្រុមប្រឹក្សានិងគណៈអភិបាលខេត្ត នឹងក្លាយទៅជាអ្នកទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល និង ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចទទួលរបស់ខ្លួន អំពីសកម្មភាពការផ្តល់សេវាសុខាភិបាលនានាដែលបានប្រគល់ឱ្យ ដោយផ្អែកលើគោលនយោបាយ ផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាល។ មន្រ្តីសុខាភិបាលត្រូវមានការទទួលខុសត្រូវចំពោះក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត ក្នុងការគ្រប់គ្រង ការចាត់ចែង ការគាំទ្រផ្នែកបច្ចេកទេស និងការតាមដានត្រួតពិនិត្យលើការផ្តល់សេវាសុខាភិបាលដែលបានប្រគល់ទៅឱ្យរដ្ឋបាលរាជធានីខេត្ត ដោយតម្លាភាពគណនេយ្យភាពនិងទទួលបានសមិទ្ធកម្មមួយប្រកបដោយគុណភាពខ្ពស់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានស្នើដល់ថ្នាក់ដឹកនាំសុខាភិបាលខេត្តគ្រប់លំដាប់ថ្នាក់ចូលរួមដឹកនាំបន្តអនុវត្តវិធានការបង្ការ ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ និង រាល់វិធានការចាំបាច់នានាផ្សេងទៀត ស្របតាមការណែនាំរបស់ ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល សំដៅធានាឲ្យបាននូវសុខុមាលភាពសាធារណៈបានល្អជូន្រជាពលរដ្ឋក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន៕