ក្រុមហ៊ុនអាកាសចរណ៍វៀតណាម គ្រោងហោះហើរមកកម្ពុជាឡើងវិញ នៅខែកក្កដា


(ភ្នំពេញ)៖ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (Vietnam Airlines) គ្រោងបើកការហោះហើរមកប្រទេសកម្ពុជាឡើងវិញ នៅខែកក្កដា ខាងមុខនេះ បន្ទាប់ពីបានផ្អាកមួយរយៈព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម ដែលផ្សព្វផ្សាយដោយដោយសារព័ត៌មានវៀតណាមនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ បានឱ្យដឹងថា ការហោះហើរឡើងវិញ គ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី០២ ខែកក្កដា។

តំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានប្រាប់ព័ត៌មានវៀតណាមថា សព្វថ្ងៃក្រុមហ៊ុនកំពុងពិភាក្សាលំអិតជាមួយលេខាធិការដ្ឋានអាកាសចរស៊ីវិលវៀតណាម ក្រសួងគមនាគម និងដឹកជញ្ជូន ក្រសួងការបរទេស និងក្រសួងសុខាភិបាលវៀតណាម ដើម្បីរកវិធានការបើកជើងហោះហើរឡើងវិញឱ្យសមស្របតាមការណែនាំរបស់នាយករដ្ឋមន្ត្រីវៀតណាម។

តំណាងក្រុមហ៊ុនអាកាសចរណ៍វៀតណាម បានឱ្យដឹងទៀតថា ក្រុមហ៊ុននឹងចេញសេចក្តីជូនដំណឹងជាផ្លូវការដល់សាធារណៈក្ រោយពេលមានការឯកភាពចុងក្រោយជាមួយនឹងបណ្តាភាគីពាកព័ន្ធ។

ទន្ទឹមនឹងការបើកការហោះហើរឡើងវិញជាមួយកម្ពុជាហើយនោះ ក្រុមហ៊ុនក៏នឹងបើកការហោះហើរជាមួយឡាវ និងបណ្តាប្រទេសមួយចំនួនទៀតនៅក្នុងតំបន់ផងដែរ៕