រដ្ឋមន្ត្រីយុត្តិធម៌ ឡើងការពារសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាមួយគណៈកម្មការសេដ្ឋកិច្ច ព្រឹទ្ធសភា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ដោយទទួលបានការចាត់តាំងពីរាជរដ្ឋាភិបាល ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អមដោយថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់ធនាគារជាតិនៃកម្ពុជា និងក្រសួងមហាផ្ទៃ បានចូលរួមប្រជុំបំភ្លឺ និងការពារសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម ជាមួយគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា ដែលដឹកនាំដោយ លោក ជា ជេដ្ឋ។

យោងតាមការផ្សាយរបស់ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ការចូលរួមប្រជុំបំភ្លឺ និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីការ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេរវកម្ម បានធ្វើឡើងនៅព្រឹទ្ធសភា។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅព្រឹកថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០២០ កន្លងទៅ គណៈរដ្ឋមន្រ្តីបានសម្រេចអនុម័តទាំងស្រុង ដោយគ្មានការកែប្រែលើ «សេចក្ដីព្រាងច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»

សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០០៧ និងច្បាប់ស្ដីពីវិសោធនកម្មមាត្រា៣ មាត្រា២៩ និងមាត្រា៣០ នៃច្បាប់ស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៣ជាគោល ព្រមទាំងបញ្ចូលយុទ្ធសាស្ត្រជាតិស្ដីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ២០១៩-២០២៣ និងអនុសាសន៍តាមស្ដង់ដារឆ្នាំ២០១២ របស់ FATF ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ៕