សម្តេចភក្តី សាយ ឈុំ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


នាព្រឹកថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទី នៅវិមានព្រឹទ្ធសភា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤។
២- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី២ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៥ព្រឹទ្ធសភា នីតិកាលទី៤។
៣- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រម្មទណ្ឌ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។
៤- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៧ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឲ្យព្រះរាជាណចក្រកម្ពុជាចូលជាភាគីនៃអនុសញ្ញាទីក្រុងប៊ែន ស្តីពីកិច្ចការពារស្នាដៃអក្សរសាស្រ្ត និងសិល្បៈ ឆ្នាំ១៨៨៦ និងវិសោធនកម្មឆ្នាំ១៩៧៩ ទៅក្នុងរបៀបវារៈ នៃសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។
៥- កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៥ ព្រឹទ្ធសភា នីតិកាលទី៤។
អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបន្ទាប់ពីបានស្តាប់របាយការណ៍ របស់ឯកឧត្តមប្រធានគណៈកម្មការដែលជាវិស័យសមត្ថកិច្ច ស្តីពីការពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ចំនួន៤ខាងលើ និងបានស្តាប់ការពិភាក្សាផ្តល់យោបល់ពីសមាជិកអង្គប្រជុំរួចមក…អង្គប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៌ព្រឹទ្ធសភា ក៏បានអនុម័តជាឯកច្ឆន្ទយល់ព្រមតាមសំណើរបស់គណៈកម្មការដែលជាវិស័យសមត្ថកិច្ច ដាក់សេចក្តីព្រាងច្បាប់ចំនួន៤ទៅក្នុងរបៀបវារៈសម័យប្រជុំលើលទី៥ព្រឹទ្ធសភា នីតិកាលទី៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃ អង្គារទី១៥ ខែមិថុនា ឆ្នាំ២០២០…ដោយមានរបៀបវារៈ ពិនិត្យ និងឲ្យយោបល់លើសេចក្តីព្រាងច្បាប់ចំនួន៤ខាងលើ..។