រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្មុងពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ


ព្រឹកថ្ងៃអាទិត្យ ៩រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី ១៤ មិថុនា ឆ្នាំ ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអញ្ជើញជាអធិបតីក្មុងពិធីបើកការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់របស់សមណ:និស្សិត-និស្សិត នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលមានសមណនិស្សិត-និស្សិតចំនួន១៤អង្គ/នាក់ ទៅលើប្រធានបទចំនួន១៤ និងឯកទេសចំនួន៣ឯកទេស គឺ: ១-ទស្សនវិជ្ជា ២-អក្សរសាស្ត្រខ្មែរ និង៣-គ្រប់គ្រងអប់រំ ។ ក្នុងនោះផងដែរ លទ្ធផលនៃការបណ្ដុះបណ្ដាលប្រកបដោយជោគជ័យដែលពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បាននឹងកំពុងបណ្ដុះបណ្ដាលធនធានមនុស្ស ដែលមានសមណនិស្សិត-និស្សិតបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣៨អង្គ/នាក់រួចមកហើយ។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ក្នុងការការពារនិក្ខេបបទថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នេះ គឺមានសារសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់សមណនិស្សិត-និស្សិត ដែលបានខិតខំសិក្សារៀនសូត្រ ដោយចំណាយទាំងធនធាន និងពេលវេលាអស់រយៈពេល២ឆ្នាំ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីការសិក្សារៀនសូត្រនូវមុខវិជ្ជា ឬជំនាញវិជ្ជាជីវៈពីលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យ។ ថ្ងៃនេះ គឺជាថ្ងៃដែលសមណនិស្សិត-និស្សិតទាំងអស់ ត្រូវបញ្ចេញឱ្យអស់នូវចំណេះដឹង និងបទពិសោធន៍របស់ខ្លួនកន្លងមកទាំងពេលសិក្សារៀនសូត្រនៅក្នុងសាកលវិទ្យាល័យ និងទាំងពេលសិក្សាស្រាវជ្រាវចងក្រងជានិក្ខេបបទបញ្ចប់ការសិក្សា ធ្វើយ៉ាងណាការពារប្រធានបទនិក្ខេបទរបស់ខ្លួន ឱ្យបានល្អប្រសើរ ដើម្បីឱ្យគណៈកម្មការវាយតម្លៃ ក៏ដូចជាគណៈមេប្រយោគឱ្យពិន្ទុ ផ្តល់នូវពិន្ទុល្អចំពោះនិក្ខេបបទរបស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ថ្វាយចំពោះសម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានគ្រប់គ្រង ដឹកនាំពុទ្ធិកសាកលវិទ្យាល័យបានយ៉ាងល្អប្រសើរ តាំងពីពេលបង្កើតសាកលវិទ្យាល័យដំបូង រហូតដល់ពេលបច្ចុប្បន្ននេះ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក លោកគ្រូ អ្នកគ្រូ នៃពុទ្ធិកសាកលវិទ្យាល័យទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ក៏ដូចជាការៀបចំបានយ៉ាងល្អ ក្នុងពិធីបើកការការពារនិក្ខេបបទបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នាពេលនេះ ស្របទៅតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជាប្រមុខដឹកនាំ។