សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី


នៅថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ “ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី” ប្រចាំឆ្នាំ ២០១៦ និងលើកទិសដៅផែនការសកម្មភាពឆ្នាំ២០១៧ ដើម្បីពិនិត្យវឌ្ឍនៈភាព និងបញ្ហាប្រឈមនានា។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រសួងកិច្ចការនារី និងក្រសួងមន្ទីរ ស្ថាប័ននានា និងអាជ្ញាធរពាក់ព័ន្ឋទាំងអស់ដែលបានចូលរួមគាំទ្រ ជំរុញ និងលើកតម្កើងស្រ្តីអោយចូលរួមកាន់តែច្រើនឡើងនៅក្នុងកិច្ចការសង្គម។ យោងទៅលើការវិវឌ្ឍនៃវិស័យអប់រំ សម្តេចតេជោ សង្ឃឹមថាចំនួនស្រ្តីជាគ្រូបង្រៀននឹងកើនឡើងជាមិនខាន។ កត្តាសន្តិភាព ស្ថេរភាពនយោបាយ និងកំណើនម៉ាក្រូសេដ្ឋកិច្ច (៧.៧%) នៅកម្ពុជា គឺបានផ្តល់អោយស្រី្តខ្មែរកាន់តែមានឱកាសចូលរួមក្នុងកិច្ចការសង្គម និងនយោបាយច្រើនឡើងៗ។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើដល់អាជ្ញាធរមានសមត្ថកិច្ច ក្រសួង និងស្ថាប័នរពាក់ព័ន្ឋទាំងអស់បង្កើនការយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ និងបង្រ្កាបការជួញដូរ និងការកេងប្រវ័ញ្ចលើស្រ្តីគ្រប់រូបភាព និងសូមចូលរួមគាំទ្រលើកកំពស់សិទ្ឋិសេរីភាព និងការចូលរួមរបស់ស្រ្តីអោយបានកាន់តែច្រើនឡើង។ សម្តេចតេជោ បានអំពាវនាវដល់ស្រ្តីខ្មែរយើងចូលរួមជាចលនាក្នុងការបង្រ្កាបគ្រឿងញៀនគ្រប់ប្រភេទ និងត្រូវប្រុងប្រយ័ត្នចំពោះសំណើសុំពរពោះពីបរទេស ដែលអាចបម្រើផលប្រយោជន៍ប្តូរសរីរាង្គ ដែលជាបញ្ហាគ្រោះថ្នាក់ធំបំផុត។ ចំពោះបញ្ហាសំខាន់មួយទៀត គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជនទាំងអស់ មិនមែនជារបស់រដ្ឋទេ ដែលបានធ្វើអោយប្រជាពលរដ្ឋជាច្រើនយល់ច្រឡំខុសដែលបង្កបញ្ហាធ្ងន់ធ្ងរដល់ស្រ្តីភាគច្រើន។

សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះ ក្រសួងកិច្ចការនារី សមាគម អង្គការដៃគូជាតិ និងអន្តរជាតិនានាដែលបានចូលរួមយ៉ាងសកម្មក្នុងការងារបញ្រ្ជាបជេនឌឺរ (Gender) ព្រមទាំងផ្តល់នូវវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈផ្សេងៗដើម្បីពង្រឹង និងបង្កើនសមត្ថភាពដល់ស្រ្តី។ សម្តេចតេជោបានស្នើអោយបង្កើនអត្រាស្រ្តីអោយបានចូលរួមកាន់តែច្រើនថែមទៀតនៅក្នុងក្រសួងមន្ទីរ និងស្ថាប័នរដ្ឋ។

កិច្ចប្រជុំព្រឹកមិញនេះគឺបានបញ្ចប់ទៅដោយបរិយាកាសរីករាយ និងស្និទ្ឋស្នាលបំផុត ដែលបានបង្ហាញយ៉ាង ច្បាស់នូវការគាំពារ និងយកចិត្តទុកដាក់ខ្ពស់បំផុតពី សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចការពារ ការលើកកម្ពស់ សមត្ថភាព និងការផ្តល់ឱកាសអោយស្រ្តីខ្មែរបានចូលរួមកាន់តែច្រើននៅក្នុងកិច្ចការសង្គមគ្រប់កម្រិត៕