លោកជំទាវ បាន ស្រីមុំ ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនកងកម្លាំងជួរមុខឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា ថៃភូមិសាស្រ្តខេត្តប៉ៃលិន


(ប៉ៃលិន)៖ លោកជំទាវតំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនកងកម្លាំងជួរមុខឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជា ថៃភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីចូលរួមសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩។
នៅរសៀល ថ្ងៃចន្ទ ១០ រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន ចូលរួមដោយឯកឧត្តម សៅ សារ៉ាត់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ហុក សុផល អភិបាលរងខេត្ត និងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ផ្តល់ជូនដល់កម្លាំងជួរមុខឈរជើងការពារតាមបន្ទាត់ព្រំដែនកម្ពុជាថៃ ភូមិសាស្រ្តខេត្តប៉ៃលិន ដើម្បីចូលរួមសម្រាលការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់កងកម្លាំង ក្នុងវិបត្តិជំងឺកូវីដ១៩។

ក្នុងឱកាសនោះលោកជំទាវបណ្ឌិត បាននាំបណ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនចំពោះព្រះកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្តប៉ៃលិន ដោយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់ក្រុមគ្រួសារ នៅគ្រប់កាល:ទេស: និងគ្រប់ទីកន្លែង។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវបណ្ឌិត បានធ្វើការផ្សព្វផ្សាយអប់រំ និងអំពាវនាវដល់កងកម្លាំង ក៏ដូចប្រជាពលរដ្ឋទាំងអស់ សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺឆ្លងរលាកផ្លូវដង្ហើមកូវីដ១៩ ព្រោះជំងឺនេះគឺនៅតែជាជំងឺឆ្លងរាតត្បាតដ៏កាចសហាវបំផុតដែលពិភពលោកនាពេលនេះ មិនទាន់រកឃើញថ្នាំព្យាបាលនៅឡើយទេ។ សូមបងប្អូនកុំធ្វេសប្រហែសមើលស្រាលលើជំងឺកូវីដ១៩ ឱ្យសោះ សូមបន្តប្រើប្រាស់ម៉ាស ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬចឹល ហើយកុំទៅទីប្រជុំជនដែលមានមនុស្សច្រើនបើគ្មានការចាំបាច់ ស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រសិនបើមានការសង្ស័យពីអាការៈរោគឆ្លងកូវីដ១៩ ដូចជាផ្តាស្សាយ ហៀសំបោរ មានកំដៅលើសពី ៣៧.៥អង្សា ក្អកស្ងួត ឈឺបំពង់ករ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុត ឬទំនាក់ទំនងទៅកាន់លេខ១១៥ សហការណ៍ និងស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។