ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ ៖ គោលដៅ និងបេសកកម្មចម្បងរបស់មន្រ្តីរាជការ គឺត្រូវចូលរួមចំណែក និងបម្រើដល់ផល​ប្រយោជន៍​ប្រទេសជាតិ និងប្រជាពលរដ្


(អាជ្ញាធរមីន)៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានគណៈកម្មាធិការជាតិអេស្កាប់ បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអាជ្ញាធរមីន និងគណៈកម្មាធិការជាតិអេស្កាប់ ដែលបានចូលរួមជាកម្លាំងសាមគ្គីក្នុងការបំពេញការងារជាមួយរាជរដ្ឋាភិបាលកម្ពុជានៅថ្នាក់មូលដ្ឋាន ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានណែនាំឲ្យក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវបន្តកសាងភាពជិតស្និទ្ធ ផ្តល់ការគាំទ្រ និងការជឿជាក់របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន មកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយត្រូវបន្តយកចិត្តទុកដាក់ និងសហការយ៉ាងជិតស្និទបន្ថែមទៀតជាមួយអាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន ក្នុងការកាត់បន្ថយភាពអសកម្មនានានៅមូលដ្ឋាន និងដោះស្រាយបញ្ហានានាដើម្បីប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា គោលដៅ និងបេសកកម្មជាចម្បង របស់មន្រ្តីរាជការទាំងអស់ ត្រូវមាន និងរក្សាមនសិការទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមចំណែក និងបម្រើដល់ផលប្រយោជន៍ប្រទេសជាតិ និងប្រជាពលរដ្ឋ ព្រមទាំងចូលរួមលើកកម្ពស់ប្រជាប្រិយភាពជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាបាននូវសុខក្សេមក្សាន្ត សុខសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសង្គម និងការអភិវឌ្ឍ ដូចអ្វីដែលយើងបានឃើញយ៉ាងច្បាស់នូវសក្ខីភាពជាប្រវត្តិសាស្រ្ត នាពេលបច្ចុប្បន្ននេះ។

មន្រ្តីរាជការ និងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវគោរពអនុវត្តន៍ និងយកគំរូតាមវីរៈភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលបានខិតខំប្រឹងប្រែង និងពលីគ្រប់បែបយ៉ាង ក្នុងការកសាងនូវកម្លាំងសាមគ្គីជាតិ និងកសាងជាតិមាតុភូមិនៃយើង។