បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ចាប់ពីពេលនេះតទៅ បច្ចេកវិទ្យាជាផ្នែកមួយនៃកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ


ព្រៃវែង៖ “ចាប់ពីពេលនេះតទៅ បច្ចេកវិទ្យាជាផ្នែកមួយនៃកម្មវិធីសិក្សាសម្រាប់គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ” នេះជាប្រសាសន៍ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឱកាសនៃពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់បង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ស្របពេលដែលក្រសួងអប់រំ យុវជន និងកីឡា កំពុងមមាញឹកក្នុងការបញ្ជ្រាបការប្រើប្រាស់បច្ចេកវិទ្យាដើម្បីលើកកម្ពស់គុណភាពអប់រំពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ១៩ ឆ្ពោះទៅគោលដៅនៃការប្រែក្លាយប្រទេសដែលមានសេដ្ឋកិច្ចបែបឌីជីថល។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយវត្តមានឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងប្រតិភូអប់រំជាច្រើនរូប។ វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលសម្រាប់ការបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក នៅគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ត្រូវបានរៀបចំឡើង ក្នុងគោលដៅលើកកម្ពស់សមត្ថភាពគ្រូបង្រៀនលើការប្រើប្រាស់ឌីជីថល សម្រាប់ការរៀន និងបង្រៀន ដែលជាតម្រូវការដ៏ចាំបាច់ខណៈដែលគ្រឹះស្ថានសិក្សានានា ខណៈកំពុងត្រូវបានបិទទ្វាជាបណ្ដោះអាសន្ន។

សូមជម្រាបថា ក្នុងឱកាសនោះក៏មានពិធីប្រគល់-ទទួលកុំព្យូទ័រជូនសាលាគរុកោសល្យភូមិភាគចំនួន១០គ្រឿង និងសាលាគរុកោសល្យ និងវិក្រឹត្តការខេត្ត ចំនួន១០គ្រឿងផងដែរ ដើម្បីគាំទ្រដល់ដំណើរការនៃការបណ្ដុះបណ្ដាលគ្រូ៕

១៧ មិថុនា ២០២០ | សាលាគរុកោសល្យភូមិភាគខេត្តព្រៃវែង