ឯកឧត្តមរដ្ឋមន្ដ្រី ប៉ាន សូរស័ក្តិ រំលឹកមន្ត្រីខិតខំអនុវត្តការងារ ហើយត្រូវម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ


(កំពត)៖ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានការណែនាំ និងក្រើនរំលឹកឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ខេត្តកំពត ត្រូវបន្តខិតខំអនុវត្តការងារវិមជ្ឈការ វិសហមជ្ឈការ និងមានម្ចាស់ការលើការងារ ដើម្បីផ្ដល់ភាពងាយស្រួល និងទំនុកចិត្តជូនប្រជាពលរដ្ឋ។

ការណែនាំ និងក្រើនរំលឹករបស់ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើឡើងក្នុងពេលអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ខេត្តកំពត នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០នេះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម មន្ត្រីមន្ទីរពាណិជ្ជកម្ម និងសាខា ក.ប.ប ជាច្រើនរូបទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានផ្តល់គោលការណ៍ណែនាំលើការងារសំខាន់ៗ មួយចំនួន ដែលមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវយកចិត្តទុកដាក់ខិតខំសម្រេចឲ្យបាន។

ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញឲ្យមន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្តត្រូវសហការជាមួយអាជ្ញាធរខេត្ត អនុវត្តការងារវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាលអំពី ការកាត់មន្រ្តីថ្នាក់ស្រុក របស់គ្រប់មន្ទីរ ក្រសួង ស្ថាប័នទំាងអស់។ ជាពិសេសត្រូវខិតខំបំពេញតួនាទី និងភារកិច្ចរបស់មន្ទីរពាណិជ្ជកម្ម ដែលជាអង្គភាពរដ្ឋបាលតំណាងឲ្យក្រសួងពាណិជ្ជកម្ម ទទួលបន្ទុកអនុវត្តវិស័យពាណិជ្ជកម្ម នៅថ្នាក់ក្រោមជាតិ និងសម្របសម្រួលតាមសកម្មភាពរបស់ក្រសួង។

បន្ថែមពីលើនោះ ត្រូវចុះត្រួតពិនិត្យគុណភាពទំនិញ និងសេវាកម្ម ឲ្យកាន់តែសកម្មថែមទៀត ដើម្បីការពារសុខមាលភាពរបស់ប្រជាពលរដ្ឋ កំឡុងពេលការរាត្បាត នៃជំងឺកូវីដ១៩នេះ និងត្រូវពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តថ្មីៗនានា ដែលទាក់ទងនឹងក្រសួងពាណិជ្ជកម្ម តួយ៉ាងដូចជា ការគ្រប់គ្រងការធ្វើពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិកត្រូនិក ដែលច្បាប់នេះទើបតែដាក់ឲ្យប្រើប្រាស់ ហើយអគ្គនាយកដ្ឋានសេវាពាណិជ្ជកម្ម កំពុងរៀបចំនីតិវិធីសម្រាប់គ្រប់គ្រងការងារនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានបន្តទៀតថា មន្ត្រីមន្ទីរពាណិជ្ជកម្ម និងមន្ត្រីសាខា ក.ប.ប ខេត្ត មិនត្រូវរង់ចាំតែក្រុមការងារពង្រឹងមន្ទីរថ្នាក់ជាតិចុះមកធ្វើទេ គឺត្រូវចេះម្ចាស់ការដោយខ្លួនឯង និងត្រូវពិនិត្យ និងតាមដានតម្លៃទំនិញ និងតម្លៃតាមស្ថានីយ៍ប្រេងឥន្ធនៈ ដែលបានកំណត់តារាងតម្លៃ ដែលចេញដោយក្រសួង។

ម្យ៉ាងទៀត ត្រូវសហការជាមួយអាជ្ញាធរដែនដី ចុះពង្រឹងការអនុវត្តបទប្បញ្ញត្តិនានា ទាក់ទងនឹងការលើកស្លាកយីហោភោជនីយដ្ឋាន ស្ថានីយ៍ប្រេងឥន្ធនៈ ផ្ទះសំណាក់ សណ្ឋាគារ កន្លែងកំសាន្ត និងទីតាំងផេ្សងៗទៀត ដែលមានលក្ខណៈមិនសមស្របតាមលក្ខណៈបចេ្ចកទេសជាដើម៕