ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញចុះពិនិត្យការដ្ឋាន សាងសង់ព្រលានយន្តហោះនៅខេត្តកណ្តាល


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យមើលសម្តេចមានប្រសាសន៍នូវចំណុចសំខាន់ៗដូចខាងក្រោម៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយបានអញ្ជើញមកពិនិត្យព្រលានយន្តហោះថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរដល់ក្រុមហ៊ុន ដែលបានខិតខំសាងសង់ព្រលានយន្តហោះថ្មីនេះ។

* សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរដល់គណៈកម្មការសាងសង់ ដែលបានប្រឹងប្រែងសម្របសម្រួលដោះស្រាយបញ្ហាផ្សេងៗ ដើម្បីសម្រួលដល់ការសាងសង់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ មិនបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា រួមទាំងព្រលានយន្តហោះថ្មីផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការរក្សាបាននូវដំណើរការសាងសង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ក៏រួមចំណែកផ្តល់ការងារដល់ប្រជាពលរដ្ឋដែលកំពុងជួបវិបត្តិការងារដោយសារជំងឺកូវីដ១៩ផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០៣០ បើទោះបីសម្តេចមិនបន្តដឹកនាំប្រទេស តែសម្តេចក៏អាចអញ្ជើញជាភ្ញៀវក្នុងការសម្ពោធដំណាក់កាលទី២ របស់ព្រលានយន្តហោះថ្មីនេះផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានប្រតិកម្មធ្ងន់ៗទៅលើក្រុមជនរិះគន់ការទិញរថយន្តយោធា២៩០គ្រឿងនាពេលថ្មីៗនេះ។ សម្តេចតេជោ បានហៅក្រុមនេះថា ជាជនតិរច្ឆាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាចោទសម្រាប់កម្ពុជា និងពិភពលោកនាពេលនេះ មិនដឹងថា ជំងឺកូវីដ១៩ នឹងបញ្ចប់ទៅវិញនៅពេលណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ បាននិងកំពុងផ្លាស់ប្តូរឥរិយាបថរស់នៅរបស់មនុស្ស។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែង ជំងឺកូវីដ១៩ ធ្វើឱ្យការរស់នៅរបស់មនុស្សជាតិជួបភាពមិនច្បាស់លាស់ តែភាពច្បាស់លាស់មួយ គឺជំងឺកូវីដ១៩ មិនអាចរំលាយភពផែនដីបានទេ។

* សម្តេចតេជោ ហ៊ុន សែន ជឿជាក់ថា ថ្ងៃណាមួយអ្នកវិទ្យាសាស្ត្រនឹងរកឃើញវិធីក្នុងការកម្ចាត់ជំងឺកូវីដ១៩។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅឆ្នាំ២០២០នេះ ប្រទេសភាគតិចណាស់ ដែលអាចមានសេដ្ឋកិច្ចវិជ្ជមាន ពោលប្រទេសភាគច្រើនបំផុតនឹងទទួលបានភាពអវិជ្ជមានសម្រាប់សេដ្ឋកិច្ច រហូតដល់សញ្ញាដកទៀត

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០នេះ អាចនឹងធ្លាក់ចុះប្រមាណ -១.៩ភាគរយ ដែលជារឿងមិនធ្លាប់មានរយៈពេល២០ឆ្នាំកន្លងមកនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះមិនទាន់មានក្រុមហ៊ុនណាប្រកាសក្ស័យធុនលើការវិនិយោគនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបានជួបជាមួយក្រុមហ៊ុនសាងសង់នានា នៅតែមានដំណើរការ នៅតែមានប្រជាពលរដ្ឋទិញលំនៅឋាន គ្រាន់តែមានការថមថយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិកូវីដ១៩ ធ្វើឱ្យរោងចក្រខ្លះជួបបញ្ហា តែក៏ជាឱកាសសម្រាប់រោងចក្រមួយចំនួនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រលានយន្តហោះអន្តរជាតិថ្មីនៅក្នុងខេត្តកណ្តាល នៅតែដំណើរការជាធម្មតា ហើយអាចបញ្ចប់តាមការគ្រោងទុក។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនត្រឹមតែការដ្ឋានព្រលានយន្តហោះអន្តរជាតិនេះទេ តែគ្រប់ការដ្ឋានទាំងអស់ត្រូវតែបន្តដំណើរការ។

* សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅអាជ្ញាធរខេត្តកណ្តាល និងតាកែវ ព្យាយាមជួយសម្របសម្រួលដោះស្រាយបញ្ហារបស់ក្រុមហ៊ុន និងប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យក្រុមហ៊ុនជួយស្តារបឹងជើងលោងឱ្យកាន់តែជ្រៅ ដើម្បីជាប្រយោជន៍ប្រជាពលរដ្ឋ

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បឹងជើងលោងនេះមិនត្រឹមតែដោះស្រាយបញ្ហាទឹកសម្រាប់ពលរដ្ឋប្រើប្រាស់នោះទេ តែក៏ជួយបញ្ចៀសជំនន់ទឹកព្រែកត្នោតផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជួយបញ្ហាការងារអាចស្វែងរកការងារនៅការដ្ឋានសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មាននរណាម្នាក់អាចរស់ដោយគ្មានការងារ គ្មានប្រាក់ចំណូលនោះទេ ដែលត្រូវតែស្វែងរកការងារធ្វើ មិនអាចរំពឹងតែលើការជួយរបស់រាជរដ្ឋាភិបាលនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នៅថ្ងៃទី២៤ មិថុនា សម្តេចនឹងអញ្ជើញប្រកាសអនុវត្តន៍កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារជំងឺកូវីដ១៩ប្រមាណ ៦០ម៉ឺនគ្រួសារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាលរបស់សម្តេចបាននោះទេ

* សម្តេចតេជោ បានថ្លែងថា អ្នកដែលរង់ចាំឱ្យរាជរដ្ឋាភិបាលសម្តេចដួលរលំនោះ គឺកំពុងធ្លាក់ចូលក្នុងការវង្វេងទិសដៅហើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មាយាទរាជរដ្ឋាភិបាលរបស់សម្តេច គឺសន្សំលុយ ហើយមិនមែនសន្សំតែតួលេខទេ គឺសន្សំសាច់ប្រាក់។ បច្ចុប្បន្នរាជរដ្ឋាភិបាលសល់សាច់ប្រាក់ដល់ជាង ៣៥០០លានដុល្លារ។

* សម្តេចតេជោ បានថ្លែងថា យកតែចំណូលចរន្តទៅចំណាយលើចំណាយចរន្ត គឺគ្រប់គ្រាន់ហើយ មិនចាំបាច់ប្រើថវិកាសន្សំនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទិញរថយន្តយោធា២៩០គ្រឿងនេះ ផ្តើមចេញពីការបាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ ហើយពេលនោះយោធភូមិភាគទី១ បានចល័តកម្លាំងជាង ១ពាន់នាក់ ដើម្បីសង្គ្រោះប្រជាពលរដ្ឋ តែពេលនោះជួបការលំបាកមធ្យោបាយដឹកជញ្ជូនកម្លាំង និងដឹកជញ្ជូនប្រជាពលរដ្ឋ។

* សម្តេចតេជោ ហ៊ុន សែន បន្តថា ផ្តើមចេញពីបញ្ហានោះហើយ ទើបសម្តេចធ្វើចលនាសប្បុរសជន ដើម្បីរកវិធីបំពាក់មធ្យោបាយជូនអង្គភាពកងកម្លាំងនៅតាមភូមិភាគ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទិញរថយន្តយោធា២៩០គ្រឿងនេះ មិនបានប្រើថវិកាជាតិសូម្បីមួយសេន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយរបស់សម្តេច គឺ «ឃឿនប្រជាជន» ដូច្នេះការយកចិត្តទុកដាក់លើប្រជាជនជារឿងសំខាន់។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា ក្រុមអ្នករិះគន់បើមិនមែនជាតិរច្ឆានទេ គឺគេច្បាស់ជាគាំទ្រដល់ការទិញរថយន្តនេះ ព្រោះជាការបម្រើប្រយោជន៍ដល់សង្គមដ៏សំខាន់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការបំផុសចលនាសប្បុរសជននេះ សម្តេចទទួលបានថវិកាប្រមាណជាង ២០លានដុល្លារសម្រាប់ទិញរថយន្តនេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិត្តចិន បានផ្តល់រថយន្តប្រមាណ១៥៧គ្រឿងជូនសម្តេច។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២៨ ខែមិថុនាខាងមុខនេះ គណបក្សប្រជាជនកម្ពុជានឹងធ្វើពិធីសូត្រមន្តឡើងអគារទីស្នាក់ការកណ្តាលថ្មី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិក សមាជិកាគណបក្សប្រជាជនមានគ្រប់មជ្ឈដ្ឋានទាំងអស់កម្មករ កសិករ ពាណិជ្ជករ និងសេដ្ឋី ដូច្នេះគ្មានអ្វីលំបាកក្នុងការរកថវិកាត្រឹមប្រមាណ ៣០លានដុល្លារក្នុងការសាងសង់អគារគណបក្សនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានដៀមដាមទៅក្រុមប្រឆាំងថា ពួកគេបានកៀរគរថវិកាជាច្រើនពីសមាជិកទៅធ្វើនេះ ធ្វើនោះ តែដូចជាមិនឃើញចេញលទ្ធផលទេ តើយកថវិកាទៅណា?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាកំលុងពេលជួបវិបត្តិដោយសារជំងឺកូវីដ១៩នេះ មិនទាន់មានពលរដ្ឋណាស្លាប់ដោយសារដាច់ និងមិនបានដឹងព័ត៌មាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កុំមើលស្រាលរាជរដ្ឋាភិបាល និងកុំមើលស្រាលសមត្ថភាពដឹកនាំរបស់សម្តេច។ សម្តេចតេជោបញ្ជាក់ថា បើសម្តេចមិនខ្លាំងមិនអាចប្រឡូកក្នុងឆាកនយោបាយជាមួយអ្នកនយោបាយចាស់ៗបាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសម្តេចមិនខ្លាំងមិនអាចប្រើអ្នកនយោបាយមួយរូបឱ្យជួយកែរដ្ឋធម្មនុញ្ញពីសំឡេង២ភាគ៣ មក ៥០បូក១បាននោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅថ្ងៃទី២៤ ខែមិថុនា រាជរដ្ឋាភិបាលនឹងបញ្ចេញថវិកាប្រមាណ២៥លានដុល្លារ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រមាណ ៦០ម៉ឺនគ្រួសារ។

* សម្តេចតេជោ ហ៊ុន សែន ថវិកាបានពីសប្បុរសជនសម្រាប់ជួយដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានប្រមាណ១៥លានដុល្លារ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្វីដែលជាសមិទ្ធផលរបស់ជាតិ គឺជាសត្រូវរបស់ក្រុមប្រឆាំង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើជាអ្នកស្រឡាញ់ជាតិគួរតែរីករាយពេលឃើញមានរថយន្តច្រើន ព្រោះមានមធ្យោបាយសម្រាប់បំពេញតម្រូវការរបស់ជាតិ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចត្រូវការបន្តទៀតនូវរថយន្តយោធា រថយន្តពន្លត់អគ្គិភ័យ និងរថយន្តពេទ្យ។

* សម្តេចតេជោ ហ៊ុន សែន បានចំអកដល់ក្រុមប្រឆាំងរត់ចោលស្រុកថា បើដឹងថារាជរដ្ឋាភិបាលរបស់សម្តេចដួលមួយឆ្នាំទៀត ហេតុអ្វីចាំបាច់ដាស់តឿនច្រើនម៉េស? មិនទុកឱ្យរាជរដ្ឋាភិបាលរបស់សម្តេចដួលទៅ?

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានៅតែអាចរកចំណូលបានប្រមាណ ៤០០លានដុល្លារក្នុងមួយខែ។ ទោះធ្លាក់បន្តិចតែក៏នៅអាចដោះស្រាយបញ្ហាបាន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីមានព្រលានយន្តហោះថ្មី តែព្រលានយន្តហោះចាស់ក្នុងរាជធានីភ្នំពេញរក្សានៅដដែល។ តាមការគិតជាបឋមរបស់សម្តេចជាព្រលានយោធា ការហោះហើរផ្ទៃក្នុង និងដឹកទំនិញផ្លូវអាកាសរបស់យោធា រួមទាំងប្រើប្រាស់ឥស្សរជនជាន់ខ្ពស់កម្ពុជា និងប្រមុខដឹកនាំប្រទេសដទៃមកទស្សនកិច្ចកម្ពុជា

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនមានច្រើនណាស់។ តែសម្រាប់សម្តេចជាឪពុក គឺសម្តេចមានតួនាទីគាំទ្រ និងបង្វឹកសមត្ថភាពកូន បើមិនខ្លាំងដូចសម្តេច ក៏អាចបានប្រហែលសម្តេចដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចបន្តកាន់តំណែងមិនតិចជាង១០ទៀតនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មេងជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជាមានលក្ខណៈសម្បត្តិជានាយករដ្ឋមន្ត្រីច្រើនណាស់ មិនមែនមានតែលោក ហ៊ុន ម៉ាណែត នោះទេ។ សម្តេចតេជោបញ្ជាក់ថា ពេលវេលានឹងបញ្ជាក់ឱ្យក្រុមប្រឆាំងរត់ចោលស្រុកបានដឹងច្បាស់។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដរាបណាមានសម្តេច មានគណបក្សប្រជាជនកម្ពុជា ក្រុមប្រឆាំងមានតែរង់ចាំជាតិក្រោយប៉ុណ្ណោះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា មិនមែនឆក់កណ្តៀតដូចក្រុមប្រឆាំងនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សេវាតាមភោជនីយដ្ឋាន និងទេសចរណ៍ក្នុងស្រុកដំណើរការវិញហើយ តែសម្តេចលើកទឹកចិត្តឱ្យបន្តស្មារតីប្រុងប្រយ័ត្ន។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កូវីដ១៩ មិនទាន់ដល់ថ្នាក់ធ្វើឱ្យសម្តេចផ្តល់ថវិកាឧបត្ថម្ភក្នុងកម្មវិធី ដូចទម្លាប់ដែលសម្តេចបានធ្វើនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់អ្នកបាត់ការងារពីកន្លែងផ្សេងៗ ឱ្យមករកស្វែងរកការងារនៅការដ្ឋានព្រលានយន្តហោះថ្មី និងនៅតាមការដ្ឋានផ្សេងៗទៀត៕