ឯកឧត្តមរដ្ឋមន្ដ្រី ហង់ជួន ណារ៉ុន បើកការដ្ឋានជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ»


(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០នេះ បានអញ្ជើញបើកការដ្ឋាន ជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ» នៅក្នុងវិទ្យាល័យព្រះស៊ីសុវត្ថិ។

ក្នុងពិធីបើកការដ្ឋានជួសជុល និងកែលម្អ «មជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ» នៅវិទ្យាល័យព្រះស៊ីសុវត្ថិនេះ ក៏មានកម្មវិធីក្រុងពាលី តាមប្រពៃណី និងកម្មវិធីសន្និសីទសារព័ត៌មាន ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ផងដែរ។

សូមជម្រាបថា ចាប់តាំងពីដើមឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់ចក្ខុវិស័យថា «ដើម្បីឲ្យមានសេដ្ឋកិច្ចបែបឌីជីថល លុះត្រាតែមានការអប់រំ បែបឌីជីថល»។

ការអប់រំឌីជីថល ក្នុងបរិបទឧស្សាហកម្ម ៤.០ មានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការបោះជំហានឲ្យក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចឌីជីថល និងរដ្ឋាភិបាលឌីជីថល ដោយសារផ្នែកទាំងអស់នេះ ត្រូវការអ្នកជំនាញជាច្រើន ដើម្បីបំពេញការងារ និងគ្រប់គ្រងប្រព័ន្ធឆ្លាតវៃទាំងអស់នោះ។

ស្របតាមចក្ខុវិស័យនេះ ក្រសួងបាននិងកំពុងរៀបចំ មូលដ្ឋានគ្រឹះសម្រាប់ការអប់រំឌីជីថល ឲ្យឆ្លើយតបជាមួយយុគសម័យបច្ចេកវិទ្យា តាមរយៈការធ្វើកំណែទម្រង់ គ្រឹះស្ថានសិក្សា និងកំណែទម្រង់ការបណ្ដុះបណ្ដាលគ្រូ ដោយធ្វើយ៉ាងណាឲ្យភាគីពាក់ព័ន្ធទាំងអស់ មានសមត្ថភាពខ្ពស់ខាងផ្នែកបច្ចេកវិទ្យា មុននឹងចែករំលែកបន្ត ទៅដល់សិស្សានុសិស្ស ដែលជាធនធានមនុស្សជំនាន់ថ្មី។

ការអប់រំឌីជីថល (Digital Education) គឺជាការប្រើប្រាស់ប្រកបដោយនវានុវត្តន៍នៃឧបករណ៍ និងបច្ចេកវិទ្យាឌីជីថល ក្នុងការបង្រៀន និងការរៀន ក៏ដូចជាការគ្រប់គ្រង លើការបង្រៀន និងការរៀន។

ក្នុងន័យនេះ «ការអប់រំតាមប្រព័ន្ធអេឡិចត្រូនិក» (E-Learning) ជាប្រព័ន្ធនៃការអប់រំ តាមបែបឌីជីថលមួយបែប ដែលមានមូលដ្ឋានចេញពីការអប់រំផ្លូវការ និងប្រើប្រាស់ ធនធានអេឡិចត្រូនិកជាជំនួយ។

«ការអប់រំពីចម្ងាយ» (Distance Leaming) ជាវិធីសាស្ត្រមួយ ដែលសិស្សអាចទទួលបានការអប់រំ សម្រាប់ការអភិវឌ្ឍសម្បទាទាំង៤ (ពុទ្ធិសម្បទា បំណិនសម្បទា កាយសម្បទា និងចរិយាសម្បទា) ដោយពុំចាំបាច់មានវត្តមាននៅសាលារៀន ឬជួបជាមួយគ្រូដោយផ្ទាល់។

គ្រឹះស្ថានសិក្សាមួយចំនួន ផ្សារភ្ជាប់កម្មវិធី «ការអប់រំពីចម្ងាយ» ជាមួយនឹង «ប្រព័ន្ធនៃការសិក្សាតាមបែបចម្រុះ» (Blended Learning) ឬដែលផ្សារភ្ជាប់ជាមួយ ប្រព័ន្ធគ្រប់គ្រងការសិក្សា (Learning Management System)។

ដោយផ្អែកលើបទពិសោធន៍ ដែលទទួលបានពីការអនុវត្តកម្មវិធីអប់រំ តាមប្រព័ន្ធអេឡិចត្រូនិក នាពេល កន្លងមក និងផ្អែកលើតម្រូវការសម្រាប់បន្ត អនុវត្តនៅពេលអនាគត ក្រសួងនឹងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានសមាសភាគចំនួន៤រួមមាន៖

* ហេដ្ឋារចនាសម្ព័ន្ធសម្រាប់គ្រប់គ្រងទិន្នន័យ នៃការអប់រំឌីជីថល ដោយផ្តោតលើការរៀបចំបង្កើត មជ្ឈមណ្ឌលទិន្នន័យ (Data Center)
* សកម្មភាពផលិតវីដេអូនៃការបង្រៀន ដោយរួមបញ្ចូលនូវការបញ្ជាបវិធីសាស្ត្របង្រៀនបែបថ្មី និង ការឆ្លើយតបចំពោះការអប់រំបរិយាប័ន្ន (ការអប់រំពិសេស)
* ហេដ្ឋារចនាសម្ព័ន្ធសម្រាប់ផលិតវីដេអូនៃការបង្រៀន ដោយផ្តោតលើការបង្កើតស្ទូឌីយូសម្រាប់ ផលិតវីដេអូបង្រៀន និងមាតិកាឌីជីថលដទៃ និងស្ទូឌីយូខ្នាតធំសម្រាប់វេទិកាអប់រំ
* វេទិកាឌីជីថលសម្រាប់ការអប់រំ តាមប្រព័ន្ធអេឡិចត្រូនិក ដោយផ្តោតលើការរៀបចំបង្កើត App និង Website សម្រាប់ការផ្តល់សេវាអប់រំតាមប្រព័ន្ធអេឡិចត្រូនិក និងប្រព័ន្ធគ្រប់គ្រងការសិក្សា ដោយ ផ្អែកលើបរិបទនៃការអប់រំនៅកម្ពុជា៕