សម្ដេចក្រឡាហោម ស ខេង បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម


នៅរសៀលថ្ងៃចន្ទ ២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់ជូនជំនួយឧបត្ថម្ភសម្ភារការពារជំងឺកូវីដ១៩របស់ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចស្វាគមន៍នៃជំនួបនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋាភិបាលចិន ដែលតែងតែជួយគាំទ្រដល់កម្ពុជា ពោលគឺទាំងរដ្ឋាភិបាល ទាំងបក្ស និងទាំងក្រសួងសន្តិសុខសាធារណៈ ដែលតែងតែបានយកចិត្តទុកដាក់ជួយដល់កម្ពុជា និងក្រសួងមហាផ្ទៃកម្ពុជា តាមគ្រប់លទ្ធភាព។

សម្ដេចបានថ្លែងអរគុណ និងអបអរសាទរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលចិន ក្នុងការប្រឹងប្រែងទទួលបានជ័យជំនះយ៉ាងត្រចាស់ត្រចង់លើការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ និងបានមានប្រសាសន៍ទៀតថាសម្ភារដែលមិត្តចិនបានប្រគល់ជូនពេលនេះ ពិតជាបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងគិតគូរមកដល់ប្រទេសកម្ពុជាដែលជាមិត្ត ដើម្បីចូលរួមប្រយទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។

តាមរយៈឯកឧត្តមឯកអគ្គរដ្ឋទូត សម្ដេចក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលតែងតែបន្តយកចិត្តទុកដាក់ជួយជ្រោមជ្រែងដល់ការពង្រឹង និងពង្រីកទំនាក់ទំនងរវាងក្រសួងសន្តិសុខសាធារណៈចិន ជាមួយនិងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសនៅលើវិស័យសន្តិសុខ។

សម្ដេចបានបង្ហាញសេចក្ដីសង្ឃឹមជឿជាក់ថាតាមរយៈស្មារតីជួយគាំទ្រគ្នាទៅវិញទៅមកនេះ នឹងរួមចំណែកធ្វើឱ្យកាន់តែរឹងមាំថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ក៏ដូចជារវាងរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរដែរ ហើយក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្ដេចត្រៀមខ្លួនជានិច្ចក្នុងការផ្ដល់កិច្ចសហការជាមួយភាគីចិន និងស្ថានទូតចិន ក្នុងការគាំទ្រលើកិច្ចការផ្សេងៗដែលនៅក្រោមសមត្ថកិច្ចក្រសួង។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណជូនសម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី និងបាននាំមកនូវសារសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំចិន ព្រមទាំងឯកឧត្តម ចាវ ឃឺជឺ ដែលជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមាចនិតចិន ជូនចំពោះសម្ដេចក្រឡាហោម។

ឯកឧត្តមបន្តថាទោបីជាកំពុងប្រឈមនឹងការរាតត្បាតជំងឺកូវីដ១៩ ក៏ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅតែបន្តដំណើរការជាប្រក្រតី និងបន្តមានវឌ្ឍនភាពល្អប្រសើរ ពិសេសឆ្លុះបញ្ចាំងតាមរយៈការរួមចំណែករបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជួយឧបត្ថម្ភនូវធនធាន រួមចំណែកដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងមួយនេះ នៅពេលជំងឺនេះបានចាប់ផ្ដើមកើតមានជាលើកដំបូង។

ឯកឧត្តមបានមានប្រសាសន៍ថាសម្ភារប្រគល់ជូនក្រសួងមហាផ្ទៃនៅពេលនេះ ថ្វីដ្បិតតែមានចំនួនមិនច្រើន ប៉ុន្តែឯកឧត្តមសូមឯកភាពចំពោះប្រសាសន៍លើកឡើងរបស់សម្ដេច ដែលថាជំនួយសម្ភារៈទាំងនេះ បានស្ដែងពីទឹកចិត្តរបស់ប្រជាជនចិន និងក្រសួងសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះប្រជាជន និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានរំលឹកថាក្នុងរយៈពេលមួយឆ្នាំមកនេះ កិច្ចសហប្រតិបត្តិការលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ ពិតជាទទួលបាននូវលទ្ធភាពល្អប្រសើរ ទោះបីជាប្រទេសទាំងពីរកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩យ៉ាងណាក៏ដោយ ហើយថាការសម្រេចបានលទ្ធផលល្អប្រសើរនេះ ឯកឧត្តមសូមថ្លែងអំណរគុណចំពោះការដឹកនាំរបស់សម្ដេចក្រឡាហោមក្នុងកិច្ចការនេះ។

ឯកឧត្តមសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ នឹងបំរើដល់ផលប្រយោជន៍រួមរបស់ប្រជាជន និងប្រទេសទាំងពីរ លើវិស័យថែរក្សាសន្តិសុខទៅអនាគត។

សម្ដេចក្រឡាហោ បានឯកភាពចំពោះលទ្ធផលដ៏ល្អលើវិស័យអនុវត្តច្បាប់រវាងប្រទេសទាំងពីរ នឹងបានមានប្រសាសន៍ថាសម្ដេចនឹងបន្តលើកទឹកចិត្តដល់កងកម្លាំងអនុវត្តច្បាប់ប្រទេសទាំងពីរ និងបន្តលើកកម្ពស់ ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត ទោះបីស្ថានភាពនេះ យើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ក៏ដោយ។

តាមរយៈឯកឧត្តឯកអគ្គរដ្ឋទូត សម្ដេចក្រឡាហោម ក៏បានផ្ដាំផ្ញើនូវការសួរសុខទុក្ខ អរគុណ និជូនពរដល់ថ្នាក់ដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ក៏ដូចជាថ្នាក់ដឹកនាំក្រសួងសន្តិសុខសាធារណៈចិន ព្រមទាំងឯកឧត្តមឯកអគ្គរដ្ឋផ្ទាល់ សូមទទួលបានជោគជ័យក្នុងភារកិច្ច ពិសេសក្នុងបេសកកម្មយកឈ្នះនឹងជំងឺរាតត្បាតកូវីដ១៩។

សូមបញ្ជាក់ថាសម្ភរការពារជំងឺកូវីដ១៩ ដែលក្រសួងសន្តិសុខសាធារណៈប្រគល់ជូនក្រសួងមហាផ្ទៃកម្ពុជានាឱកាសនេះ រួមមាន វែនតាវេជ្ជសាស្រ្តចំនួន៥០០ឈុត, ស្រោមដៃពេទ្យចំនួន១០០០០គូ, ម៉ាស់KN95ចំនួន១០០០០ម៉ាស់, ម៉ាស់វេជ្ជសាស្រ្តចំនួន៥០០០០ម៉ាស់ និងសម្លៀកបំពាក់ការពារវេជ្ជសាស្រ្តពេទ្យចំនួន៥០០ឈុត។ សម្ភារទាំងនេះមានតម្លៃប្រមាណ៦សែនយ៉ន់ ឬស្មើនឹងប្រមាណ៨ម៉ឺន៥ពាន់ដុល្លារអាមេរិក​៕