សម្ដេចក្រឡាហោម ស ខេង អញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីការក្រសួងមហាផ្ទៃ


នៅព្រឹកថ្ងៃអង្គារ ៣កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃ២៣ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លងផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត ក្នុងនោះក៏មានដែរថ្នាក់ដឹកនាំ និងមន្រ្តីនៃអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ។

ផែនការសកម្មភាពឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានពន្ធនាគារ បានរៀបចំឡើងដោយផ្អែលើមូលដ្ឋានសំខាន់ៗ ដូចជាយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្របខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធនាគារ ផែនការយុទ្ធសាស្ត្រ ២០១៩-២០២៣ របស់អគ្គនាយកដ្ឋានពន្ធនាគារ និងអនុសាសន៍ណែនាំរបស់សម្ដេចក្រឡាហោម។

ផែនការសកម្មភាពឆ្នាំ២០២០នេះ គឺជាផែនការសកម្មភាពឆ្នាំទី២ នៃការអនុវត្តផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំរបស់អគ្គនាយកដ្ឋានពន្ធនាគារ ក្នុងគោលបំណងលើកកម្ពស់ការគ្រប់គ្រងជនជាប់ឃុំតាមជំនាញវិជ្ជាជីវៈ ធានាបានសន្តិសុខ សុវត្ថិភាព សុខភាព និងសមធម៌ ព្រមទាំងផ្ដល់កម្មវិធីអប់រំកែប្រែ ស្ដារនីតិសម្បទា បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងសមហរណកម្ម។

អគ្គនាយកដ្ឋានពន្ធនាគារក៏បានបង្ហាញការកត់សម្គាល់នូវចំណុចគ្លឹះ២ ដែលធានាឱ្យការអនុវត្តផែនការសកម្មភាពនេះសម្រេចបានតាមការគ្រោងទុក ទី១ គឺការងារហេដ្ឋារចនាសម្ព័ន្ធ ដែលជាដើមចមនៃការកើតមានភាពចង្អៀតណែនក្នុងពន្ធនាគារ ជះឥទ្ធិពលអវិជ្ជមានលើការការពារសន្តិសុខ សុវត្ថិភាពពន្ធនាគារ ការងាររៀបចំឃុំឃាំង ការអប់រំកែប្រែ ស្ដារនីតិសម្បទា និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងទី២ គឺស្ថានភាពក្របខណ្ឌមន្ត្រីពន្ធនាគារ ដែលចំនួនក្របខណ្ឌមន្រ្តីនៅមិនទាន់សមាមាត្រនឹងចំនួនអ្នកជាប់ឃុំ៕