ឯកឧត្តម ព្រំ សុភមង្គល អញ្ជេីញជាអធិបតីបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.)


កំពង់ចាម៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការអាជ្ញាធរមីន បានអញ្ជេីញជាអធិបតីបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសផ្នែកស្រាវជ្រាវ និងបោសសម្អាតមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម (ស.ផ.ស.)។ កិច្ចប្រជុំមានគោលបំណង ស្វែងរកធាតុចូលពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ដើម្បីធានាពង្រឹងនូវប្រសិទ្ឋភាពក្នុងការរំដោះផ្ទៃដីដោយការទន្ទ្រាន (C1)​ និងការពង្រឹងប្រសិទ្ធភាពនៃការរៀបចំផែនការនិងការចាត់អាទិភាព និងការគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិករ។

ឯកឧត្តមបានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារសំខាន់ ដោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធក្នុងវិស័យសកម្មភាពមីនរួមគ្នាដោះស្រាយបញ្ហាស្របតាមស្ថានភាពបច្ចុប្បន្ននៅកម្ពុជា ដេីម្បីអោយអ្នកធ្វើផែនការ​ អ្នកអនុវត្តផែនការ​ និងអ្នកគ្រប់គ្រងទិន្នន័យ អាចទទួលយកបានទាំងអស់គ្នា​ ដើម្បីសំរេចបានតាមផែនការប្រចាំឆ្នាំ ក៏ដូចជាពន្លឿនឲ្យការបោសសម្អាតមីននិងស.ផ.ស. និងការកាត់ចេញពីបញ្ជីចំការមីនដោយការទន្ទ្រាន(C1)​ ទទួលបាននូវប្រសិទ្ធភាព សុវត្ថិភាព​ និងប្រសិទ្ធផលខ្ពស់។

កិច្ចប្រជុំនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃដោយបានទទួលការគាំទ្រថវិកាពីគម្រោងបោសសំអាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ (CFR-IV)​ និងគម្រោងកសាងសមត្ថភាពសកម្មភាពមីន DFID​ ដោយមានការចូលរួមពីនាយកដ្ឋានជំនាញពាក់ព័ន្ធ ក្រុមការងារផែនការសកម្មភាពមីនខេត្ត ក្រុមត្រួតពិនិត្យអាជ្ញាធរមីន តំណាងប្រតិបត្តិករបោសសម្អាតមីនជាតិ-អន្តរជាតិ តំណាង​អង្គការ UNDP និងDFID។