ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាម និងជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នាំយកបច្ច័យ គ្រឿងទេយ្យទាន និងទានព្រះវស្សា ប្រគេនដល់វត្តចំនួន៤ ក្នុងក្រុងកំពង់ចាម


នៅព្រឹកថ្ងៃអាទិត្យ ទី២៨ ខែមិថុនា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងកំពង់ចាម និងឯកឧត្តម ខ្លូត ផន អនុប្រធានគណបក្សខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំគណបក្សខេត្ត ក្រង និងសមាជិក សមាជិកាបក្ស បានអញ្ជើញនាំយកនូវ បច្ច័យ គ្រឿងទេយ្យទាន និងទានវស្សាប្រគេនព្រះសង្ឃគង់នៅវត្តចំនួន៤ ក្នុងក្រុងកំពង់ចាម ដែលពិធីនេះប្រារព្ធទៅនៅវត្តខេមវ័ន្ត (ហៅវត្តបឹងស្នាយ) ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ក្នុង ឱកាសនោះដែរលោកប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម បានថ្លែងថា នៅក្នុងពិភពលោកបច្ចុប្បន្ន បញ្ហាជំងឺកូវីដ១៩ នៅតែបន្តឆ្លងពីមនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ត្រូវបានរកឃើញជារៀងរាល់ថ្ងៃ ចំណែកវ៉ាក់សាំងចាក់ការពារជំងឺនេះនៅមិនទាន់រកឃើញពិតប្រាកដទេ។ ហេតុដូច្នេះហើយ ត្រូវតែបន្តការពារ មិនអាចធ្វេសប្រហែសបានទេ ដោយត្រូវថែរក្សាសុខភាពអនុវត្តទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។
ឯកឧត្តមបន្តថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានមានវិធានការ ត្រួតពិនិត្យនៅតាមព្រំដែន ចំពោះអ្នកដំណើរដែលបានឆ្លងកាត់ ត្រូវបានត្រួតពិនិត្យសុខភាព និងដាក់នៅដោយឡែក ហើយប្រសិនបើរកឃើញថា គាត់មានផ្ទុកជំងឺកូវីដ១៩ ត្រូវយកគាត់ទៅព្យាបាល ធ្វើដូច្នេះដើម្បីការពារកុំឱ្យជំងឺកូវីដនេះ កើតមានរលកលើកទី២ នៅតាមបណ្ដាសហគមន៍។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា កន្លងមកក្នុងខេត្តកំពង់ចាម ត្រូវបានរកឃើញអ្នកជំងឺកូវីដ១៩ ចំនួន ១៦នាក់។ ប៉ុន្តែត្រូវបានព្យាបាលជាសះស្បើយរួចរាល់អស់ហើយ។ រហូតមកដល់ពេលបច្ចុប្បន្ននេះ ក្នុងខេត្តកំពង់ចាម មិនមានអ្នកផ្ទុកជំងឺនេះទៀតទេ៕