ផ្លូវប្រវែង ១៦៨០ម៉ែត្រ ទទឹង៧ម៉ែត្រ ពីផ្លូវជាតិលេខ៦(សាខាពន្ធដារខេត្ត) ដល់ផ្លូវ៣០ បាននឹងកំពុងសាងសង់គ្រឹះដើម្បីចាក់កៅស៊ូបេទីម(AC)


ជាក់ស្តែងនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ រដ្ឋបាលខេត្ត បាននឹងកំពុងដំណើរការសាងសង់ផ្លូវចាក់កៅស៊ូបេទីម(AC) ពីសាខាពន្ធដារខេត្ត ដល់ផ្លូវ៣០ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
ផ្លូវជាច្រើនខ្សែទាំងផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវលំ ជនបទ នៅក្នុងខេត្តសៀមរាប ត្រូវបានសាងសង់ ជួសជុល និងរៀបចំបណ្តាញលូ ជាក់ស្តែងកំណាត់ផ្លូវជាច្រើនខ្សែក្នុងខេត្តសៀមរាប បានសាងសង់ជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
សូមបញ្ជាក់ថាទិសដៅការងារឆ្នាំ២០២០ រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានកំណត់យកការងារបើកផ្លូវ និងការសាងសង់ផ្លូវ ជាការងារអាទិភាពតាមរយៈសេចក្តីសម្រេចសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០។
ជាក់ស្តែងក្នុងឆ្នាំ២០២០នេះ រដ្ឋបាលខេត្ត បានគ្រោងថវិកាសាងសង់ផ្លូវក្នុងក្រុងសៀមរាបប្រវែង២៨ខ្សែ រួមមានផ្លូវកៅស៊ូបេទីម(AC) និងផ្លូវបេតុងជាដើម។