ឯកឧត្តម ខូយ សុខា រួមជាមួយក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំរកាត និងអាជ្ញាធរភូមិឃុំ


ឯកឧត្តម ខូយ សុខា តំណាងរាស្ត្រមណ្ឌលខេត្តពោធិសាត់ និងជាសមាជិកគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា រួមជាមួយក្រុមការងារចុះជួយខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាឃុំរកាត និងអាជ្ញាធរភូមិឃុំ ក្នុងគោលបំណងទទួលប្រឹក្សារាល់បញ្ហាប្រឈមនានា ដែលពួកគាត់ជួបប្រទះក្នុងការបំពេញការងារជូនប្រជាពលរដ្ឋ ដើម្បីរកដំណោះស្រាយជូនពួកគាត់ទាន់ពេលវេលា។
ពិធីជួបសំណេះសំណាលខាងលើធ្វើឡើង នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុកភ្នំក្រវាញ និងអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញ។
ឯកឧត្ដមតំណាងរាស្ត្រ បានថែ្លងអំណរគុណ និងកោតសរសើរ ដល់សមាជិកក្រុមប្រឹក្សាឃុំរកាតទាំងអស់ ក្នុងការខិតខំបំពេញការងារកន្លងមក ក្នុងការបម្រេីសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ លើសពីនេះទៅទៀត ឯកឧត្ដមក៏បានសំណូមពរដល់អាជ្ញាធរឃុំរកាតទាំងអស់ បន្តនូវវប្បធម៌ដ៏ល្អនេះបន្តទៀតនៅក្នុងមូលដ្ឋាន បន្ថែមទំនុកចិត្ត និងភាពកក់ក្ដៅជូនប្រជាជនឲ្យបានល្អទ្វេដង ឲ្យសមនឹងតម្លៃដែលប្រជាពលរដ្ឋខំបោះឆ្នោតគាំទ្រពួកគាត់អោយដឹកនាំភូមិឃុំនាអាណត្តិនេះ។
នាឱកាសនោះផងដែរ ឯកឧត្ដម ក៏បានឆ្លៀតពេលផ្សព្វផ្សាយអំពីវិធានការការពារនិងទប់ស្កាត់ជំងឺកូវីដ១៩ និងអំពាវនាវអោយណែនាំប្រជាពលរដ្ឋ ត្រូវប្រកាន់ខ្ជាប់នូវអនាម័យជាប្រចាំ និងគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល៕