ឯកឧត្តម គន់ គីម រំលឹកសមាជិកបក្សខេត្តឧត្តរមានជ័យ កុំភ្លេចអភិក្រមទាំង៥ របស់ «តេជោសែន»


(ឧត្តរមានជ័យ)៖ ឯកឧត្តម គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈពង្រឹងការងារខេត្តឧត្តរមានជ័យ នៅថ្ងៃអាទិត្យ ទី០៥ ខែកក្កដា ឆ្នាំ២០២០ម្សិលមិញនេះ បានដឹកនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិកបក្សប្រជាជនកម្ពុជាខេត្តឧត្តរមានជ័យប្រជុំបូកសរុបលទ្ធផលការងារបក្សប្រចាំឆមាសទី១ និងលើកទិសដៅសម្រាប់ឆមាសទី២ ក្នុងឆ្នាំ២០២០។

ក្នុងកិច្ចប្រជុំនេះគណៈកម្មការបក្សខេត្តឧត្តរមានជ័យ បានបង្ហាញរបាយការណ៍មួយចំនួន ដែលសមាជិក សមាជិកាបក្សសម្រេចបាននៅក្នុងឆមាសទី១។ ជាពិសេសកម្មភាពចុះជួយប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពដោយសារការរាតត្បាតជំងឺកូវីដ១៩ និងការចុះផ្សព្វផ្សាយអប់រំជូនប្រជាពលរដ្ឋពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីជម្នះនូវឧបសគ្គទាំងឡាយរបស់ជាតិ។

ក្នុងរបាយការណ៍បានបង្ហាញថា រយៈពេល៦ខែឆ្នាំ២០២០ អនុវត្តតាមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្រុមការងារ រួមជាមួយគណបក្សគ្រប់ថ្នាក់ បានចុះធ្វេីសកម្មភាពឆ្ពោះទៅមូលដ្ឋានចុះជួបពលរដ្ឋតាមខ្នងផ្ទះ និងជួយឧបត្ថម្ភពលរដ្ឋជួបលំបាក ដោយផលប៉ះពាល់ពីជំងឺCovid-19 និងរងគ្រោះដោយគ្រោះធម្មជាតិ ដោយចំណាយអស់ថវិកាប្រមាណ ១ពាន់ ១០៥លានរៀល អង្ករ ២០០តោន ក្រម៉ា២ម៉ឺនក្រម៉ា និងសម្ភារៈជាច្រេីនទៀត។

ក្នុងកិច្ចប្រជុំនេះឯកឧត្តម គន់ គីម បានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងការធ្វើសកម្មភាពយ៉ាងសកម្មរបស់សមាជិក សមាជិកាបក្សទាំងអស់ ក្នុងការដោះស្រាយការលំបាកទាំងឡាយរបស់ប្រជាពលរដ្ឋស្របតាមទិសដៅ និងគោលបំណងរបស់បក្ស ជាពិសេសការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន។

បើទោះបីជាយ៉ាងណាឯកឧត្តម គន់ គីម បានក្រើនរំលឹកសមាជិក សមាជិកា បេសកកម្មរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីជាតិ និងប្រជាជនគ្មានទីបញ្ចប់នោះឡើយ។ លោក គន់ គីម បានជំរុញសមាជិក សមាជិកាទាំងអស់រួមគ្នាយកចិត្តទុកដាក់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម បន្តអនុវត្តឱ្យកាន់តែប្រសេីរថែមទៀត អំពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព។

ដេីម្បីឆ្លេីយតបបានទៅនឹងការកែទម្រង់ វិមជ្ឈការ និងសហវិមជ្ឈការ មន្ត្រី ឯកឧត្តម គន់ គីម បានប្រាប់ទៅមន្ត្រីបក្សដែលភាគច្រើនសុទ្ធតែជាថ្នាក់ដឹកនាំខេត្តនោះថា ចាប់ពីថ្នាក់ខេត្ត ដល់មូលដ្ឋានត្រូវខិតខំពង្រីកសមត្ថភាព និងបង្កេីនស្មារតីទទួលខុសត្រូវក្នុងការបំពេញភារកិច្ច ត្រូវគិតការងាររួមជាធំ។

ឯកឧត្តម គន់ គីម ក៏រំលឹកសមាជិកបក្សឱ្យពង្រឹង ការសាមគ្គី ឯកភាពផ្ទៃក្នុងបក្ស ដោយត្រូវចាំថា ការសាមគ្គី ឯកភាព គឺជាចំណុចខ្លាំងដែលធ្វេីឱ្យបក្សទទួលបានជោគជយរហូតមកដល់ពេលនេះ។

សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជារូបនេះ ក៏ក្រើនរំលឹកមន្ត្រីឱ្យលប់បំបាត់រាល់ភាពអសកម្មទាំងឡាយ ដែលជាសត្រូវនឹងបំណងប្រាថ្នារបស់ប្រជាជន ដែលជាម្ចាស់ឆ្នោត។ លោកបានលើកឡើងថា ត្រូវចងចាំនូវអភិក្រមទាំង៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់» របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជាការរំលឹក និងដាស់សតិឱ្យការអនុវត្តន៍ការងារបម្រើជាតិ និងប្រជាជនទទួលបានប្រសិទ្ធភាព និងលទ្ធផលល្អប្រសើរ។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម គន់ គីម ក៏បានជំរុញការកសាងឯកសារ នីតិវិធី ស្នេីសុំកាត់ដី ដែលមានពាក់ព័ន្ធ និងដីសហគមន៍ ដីគម្របព្រៃឈេី ដីតំបន់អភិរក្ស។ល។ ដេីម្បីស្នេីសុំរាជរដ្ឋាភិបាល កាត់ឆ្វៀលជូនប្រជាពលរដ្ឋពាក់ព័ន្ធ។

ជាចុងក្រោយឯកឧត្តម គន់ គីម ជំរុញឱ្យក្រុមការងារគណបក្សត្រូវបន្តចុះជួបប្រជាពលរដ្ឋ ជំរុញការបេីកវេទិការសាធារណៈ ដេីម្បីដោះស្រាយបញ្ហាប្រឈមជូនពួកគាត់ និងបន្តរកអ្នកក្រីក្រងាយរងគ្រោះដោយជំងឺកូវីដ១៩ ក្នុងជំហ៊ានទី២៕