រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង


នាព្រឹកថ្ងៃចន្ទ ០១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានដឹកនាំប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណ:កម្មការអន្តរក្រសួងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ព្រមទាំងសហការី នៅទីស្តីការក្រសួងសុខាភិបាល។
កិច្ចប្រជុំពិភាក្សានេះក្នុងគោលបំណងពិនិត្យពិភាក្សាលើស្តង់ដារប្រតិបត្តិ ដើម្បីជាវិធានការការពារក្នុងករណីរាជរដ្ឋាភិបាលអនុញ្ញាតបើកឲ្យដំណើរការឡើងវិញរោងភាពយន្ត ដោយឈរលើគោលការណ៍នៃស្តង់ដាប្រតិបត្តិបង្ការជំងឺឆ្លងកូវីត១៩ របស់ក្រសួងសុខាភិបាល។
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបិទនិងផ្អាកជាបណ្តោះអាសន្នសកម្មភាពការបញ្ចាំងភាពយន្តរាជធានីខេត្ត ចាប់តាំងពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ដោយយោងលិខិតលេខ: ៤១សខល របស់ក្រសួងសុខាភិបាល។