ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អបអរសាទរ ចំពោះកម្ពុជា មានការរីកចម្រើន


នៅពេលអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ប៊ុនញុំាង វ៉ូរ៉ាជិត អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានចូលជួបសវនការជាមួយខ្ញុំព្រះករុណា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៧ ដោយនៅក្នុងឱកាសនោះ ឯកឧត្តម បានអបអរសាទរជាមួយកម្ពុជាយើង នៅពេលបានឃើញការរីកចម្រើនរបស់រាជធានីភ្នំពេញ។ ភ្នំពេញមានអគារខ្ពស់ៗព្រោងព្រាត ហើយបើពិនិត្យមើលប្រាក់ចំណូលរបស់ពលរដ្ឋ គឺមានការកើនឡើង ពិសេសកំណើតសេដ្ឋកិច្ចកម្ពុជា ស្ថិតក្នុងរង្វង់៧%។
ឯកឧត្តមមានប្រសាសន៍ថា “ការរីកចម្រើនរបស់កម្ពុជា គឺជាសញ្ញាល្អណាស់ក្នុងការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសយើងទំាងពីរ ដែលជាបងប្អូននឹងគ្នានោះ។ យើងខ្ញុំសប្បាយរីករាយ និងចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា”។
ខ្ញុំ បានស្វាគមន៍ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រធានរដ្ឋ និងគណៈប្រតិភូនៅកម្ពុជាក្នុងឱកាសនេះ។ ខ្ញុំ បានលើកឡើងថា ដំណើរទស្សនកិច្ចនេះ ជាកិត្តិយស និងមានអត្ថន័យជាប្រវត្តិសាស្រ្ត សម្រាប់ព្រះរាជាណាចក្រកម្ពុជា និងប្រជាជនកម្ពុជា ដែលបានឆ្លុះបញ្ចាំងយ៉ាង មុតមាំពីទំនាក់ទំនង ចំណងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការ ស្អិតរមួតរវាង កម្ពុជា-ឡាវ ដែលមានយូរលង់មកហើយ ឲ្យកាន់តែរឹងមាំ ស្ថិតស្ថេរគង់វង្សយូរអង្វែង។
ក្នុងនាមប្រធានរដ្ឋសភាខ្ញុំ បានសម្តែងក្តីសោមនស្សរីករាយ ដោយសង្កេតឃើញ ប៉ុន្មានឆ្នាំចុងក្រោយនេះ មានការផ្លាស់ប្តូរ ទស្សនកិច្ចរវាងគ្នាយ៉ាងមមាញឹក ចាប់តាំងពីថ្នាក់ដឹកនាំ កំពូល រហូតដល់ថ្នាក់មូលដ្ឋាន នៃប្រទេសទំាងពីរ។ ជាមួយគ្នានេះបានលើកឡើងថា “អ្វីដែលថ្នាក់ដឹកនាំជំនាន់យើងត្រូវខិតខំបន្ត គឺធ្វើយ៉ាងណាពិនិត្យរួមគ្នា ដើម្បីជម្រុញដោះស្រាយបញ្ចប់ឲ្យបានឆាប់នូវការបោះបង្គោលកំណត់ខ្សែបន្ទាត់ព្រំដែន រវាងប្រទេសយើងទំាងពីរ ប្រែក្លាយជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការ អភិវឌ្ឍ សម្រាប់ជាមរតក ដល់កូនចៅជំនាន់ក្រោយ” ។