ទៀនព្រះវស្សា និងទេយ្យវត្ថុ ត្រូវបានប្រគេនដល់ព្រះសង្ឃចំនួន ១៤វត្ត គង់ចាំព្រះវស្សា ក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃចន្ទ ១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត នាំយកទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ព្រមទាំងបច្ច័យ ដើម្បីប្រគេនដល់ព្រះសង្ឃចំនួន ១៤វត្ត គង់ចាំព្រះវស្សា នៅវត្តជ័យមង្គល (ហៅវត្តកំភុន) ក្នុងភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ចំពោះទៀនព្រះវស្សា និងទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ ដែលបានវេរប្រគេនព្រះសង្ឃទាំង១៤វត្ត ក្នុងស្រុកសេសាន ក្នុងនោះ វត្តជ័យមង្គល (ហៅវត្តកំភុន) ឯកឧត្តម ម៉ុម សារឿន បានប្រគេនបច្ច័យ ចំនួន៨០ម៉ឺនរៀល ហើយវត្តចំនួន១៣ទៀត ទទួលបានបច្ច័យចំនួន ៤០ម៉ឺនរៀល រួមទាំងទៀនព្រះវស្សាធំ១គូ, ទឹកបរិសុទ្ធ, អង្ករ, មី, ទឹកក្រូច, ទឹកត្រី, ទឹកស៊ីអ៊ីវ, ត្រីខ, ទឹកដោះគោ, ស្ករស, អំបិល, តែ, និងធូប ព្រមទាំងបានប្រគេនបច្ច័យ ចំពោះព្រះសង្ឃទាំង៩៦អង្គ ដោយក្នុងមួយអង្គ ទទួលបាន ២ម៉ឺនរៀល តាជីយាយជីចំណុះជើងវត្ត ក្នុងម្នាក់ៗទទួលបាន ២ម៉ឺនរៀល៕