ពិធីប្រគល់អាវពោងសុវត្ថិភាពដល់លេខាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទក្រហមក្រុង ស្រុក កម្លាំងសមត្ថកិច្ចទាំងបី និងមន្ទីរ អង្គភាពពាក់ព័ន្ធ


កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី០៦ខែកក្កដាឆ្នាំ២០២០
ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគល់អាវពោងសុវត្ថិភាពដល់លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អនុសាខាកាកបាទ
ក្រហមក្រុង ស្រុក កម្លាំងសមត្ថកិច្ចទាំងបី និងមន្ទីរ អង្គភាពពាក់ព័ន្ធ នៅទីស្នាក់ការសាខាកាកបាទ
ក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីឯកឧត្តម​ អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នាយកប្រតិបត្តិសាខា លោក លោកស្រីសមាជិក សមាជិកាសាខា អនុសាខា និងមន្ទីរអង្គភាពពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជាដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានជានិច្ចកាលសម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ជួយសង្គ្រោះដល់ប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និង និន្នាការនយោបាយ ឡើយ។

ឯកឧត្តមក៏បានថ្លែងអំណរដល់ម្ចាស់ជំនួយអាវពោងសុវត្ថិភាព ព្រមទាំងកោតសរសើរ និងវាយ
តម្លៃចំពោះក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយគ្រប់លំដាប់ថ្នាក់ ជាពិសេសកងកម្លាំងដែលតែងតែយកចិត្តទុកដាក់សហការក្នុងកិច្ចការពារ និងសង្គ្រោះប្រជាពលរដ្ឋគ្រប់ពេលវេលា។

ឯកឧត្តម ក៏មានប្រសាសន៍បន្តទៀតថាសូមសាខា អនុសាខា និងអង្គភាពពាក់ព័ន្ធ យកអាវពោងសុវត្ថិភាពនេះទៅប្រើឲ្យចំទិសដៅដើម្បីធានាការសង្គ្រោះខ្លួនឯង ការជួយសង្គ្រោះដល់ប្រជា
ពលរដ្ឋងាយរងគ្រោះមានដូចចាស់ជរា ជាពិសេសក្មេងតូចៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។