ពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង


នាព្រឹកថ្ងៃអង្គា ២រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ដែលមានក្បាលដីសរុប ចំនួន ១.១០៦ក្បាលដី មានទំហំផ្ទៃដីសរុបស្មើនឹង ២០៦២,២៣ហិកតា និងមានចំនួនគ្រួសារសរុបចំនួន ៦៨៨គ្រួសារ ស្ថិតនៅភូមិកំភុន ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង។
ការអញ្ជើញចូលរួមពីសំណាក់ ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទំាង០៣ប្រភេទ ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរភូមិ ឃុំ មន្ត្រីបច្ចេកទេស និងសមាជិកគណៈកម្មការរដ្ឋបាលឃុំកំភុន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ការទទួលបាននៅសិទ្ធិគ្រប់គ្រងអចលនវត្ថុដែលមានប័ណ្ណកម្មសិទ្ធិទទួលស្គាល់ជាផ្លូវការ គឺមានសិទ្ធិប្រើប្រាស់ អាស្រ័យផល និងចាត់ចែងដោយស្របច្បាប់ និងមិនអាចអ្នកណាបំពានបានឡើយ ប៉ុន្តែសូមប្រើប្រាស់ដោយស្របច្បាប់ និងបម្រើដល់ផលប្រយោជន៍ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល។ ឯកឧត្តម បានជម្រុញឲ្យមន្ទីរជំនាញខិតខំបន្តការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីសិក្សាអំពីតំបន់វិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លីជាប្រព័ន្ធ និងឈានទៅប្រគល់ប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តាភូមិ ឃុំមួយចំនួនទៀតក្នុងខេត្តស្ទឹងត្រែង៕