តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ ចុះជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារ​កំព្រា​ចំនួន​ ១០៤នាក់


កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ម៉ូត យូសុះ តំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងជាសមាជិកគណ:កម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា លោកជំទាវ​ ម៉ាណ​ ណាវី​ តំណាង​រាស្ត្រ​មណ្ឌលរាជធានីភ្នំពេញ​ រួមដំណើរដោយ ឯកឧត្តម ម៉ាត់ ហ្គូហ្វូត ​ឯកឧត្តម សុះ រ៉ហ្វាត សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំគ្រូខ្មែរឥស្លាមខេត្ត គណៈអុីមុំាស្រុកពញាក្រែក យុវជន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ និងយុវជន​សម្ពន្ធ័យុវជនមុស្លីមកម្ពុជា​ ព្រមទាំងអាជ្ញាធរមូលដ្ឋាន​បានអញ្ជើញចុះជួបសំណេះសំណាល និងផ្តល់ប្រាក់ឧបត្ថម្ភជូនកុមារ​កំព្រា​ចំនួន​ ១០៤នាក់ ស្ថិត​នៅ​ភូមិ​ថ្មី​ ឃុំកោង​កាង​ ស្រុក​ពញាក្រែក​ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ម៉ូត​ យូសុះ​ បាន​មានប្រសាសន៏ជម្រុញអោយប្អូនៗខិតខំប្រឹងប្រែងរៀនសូត្រអោយក្លាយជាយុវជនបន្តវេន និងក្លាយអ្នកដឹកនាំដ៏ល្អម្នាក់នៅក្នុងសហគមន៍ និងសម្រាប់ប្រទេសជាតិនាថ្ងៃអនាគតខាងមុខ។ ជាមួយគ្នានេះឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋអោយបន្តថែរក្សាអនាម័យ រស់នៅស្អាត និងអនុវត្តនូវរាល់វិធានការនានារបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ។
ឆ្លៀតឱកាស​នោះផង​ដែរ លោក​ជំទាវ​ ម៉ាណ​ ណាវី​ ​ក៏បានថ្លែងអំណរអរគុណដល់អង្គការពិភពកុមារកំព្រាកម្ពុជា​ ព្រមទាំងសហការីដែលបាននាំយកអំណោយមកចែកប្អូនៗកុមារកំព្រាតាំងពីដើមរហូតមក ។
សូមបញ្ជាក់ផងដែរថា ថវិកាឧបត្ថម្ភជូនកុមារកំព្រាចំនួន ១០៤ នាក់ នាពេលនេះ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០៥ដុល្លារ ដែលជាជំនួយ​ទទួលបាន​ពីសប្បុសជនអូស្ត្រាលី តាម​រយៈ​អង្គការពិភពកុមារកំព្រាកម្ពុជា ដែលមានលោកស្រី ជិប នូស្នី ជាប្រធាន ។